(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក Christopher B.MONTERO ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ហ្វីលីពីនប្រចាំកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់អគ្គរដ្ឋទូតហ្វីលីពីនជួយជំរុញដល់ពលករហ្វីលីពីន ដែលកំពុងបម្រើការនៅកម្ពុជា សូមរួសរាន់ចុះបញ្ជីការងារជាមួយក្រសួង ការងារឱ្យបានគ្រប់គ្នា។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ពលករហ្វីលីពីនមួយចំនួនដែលកំពុងធ្វើការនៅកម្ពុជា មិនទាន់បានចុះបញ្ជីធ្វើបណ្ណការងារនៅឡើយ ដូច្នេះសូមឱ្យពួកគេមកចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងការងារ ដើម្បីទទួលបានប័ណ្ណការងារ និងធ្វើការដោយស្របច្បាប់។
លោក អ៉ិត សំហេង បានលើកឡើងថា តាមស្មារតីកិច្ចសហប្រតិបត្តិការទេ្វភាគីមួយនេះ បានផ្តល់សេវាដល់ពលករទាំងក្នុង និងក្រៅប្រទេសអាចប្រើប្រាស់បាន តាមរយៈស្ថានកុងស៊ុល ឬស្ថានទូតដែលមានទីតាំងនៅប្រទេសណាមួយ។
ក្នុងន័យថា បើហ្វីលីពីនមានស្ថានកុងស៊ុល ឬស្ថានទូត ហើយកម្ពុជាមិនមាន ហ្វីលីពីនអាចជួយផ្តល់សេវាផ្សេងៗដល់ពលករកម្ពុជាបាន ផ្ទុយទៅវិញបើហ្វីលីពីនមិនមានស្ថានកុងស៊ុល ស្ថានទូតនោះទេ ហើយកម្ពុជាមាននៅក្នុងប្រទេសណាមួយ នោះស្ថានកុងស៊ុល ឬស្ថានទូតកម្ពុជានឹងជួយពលករហ្វីលីពីនវិញដូចគ្នាដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានលើកឡើងថា កម្ពុជា និងហ្វីលីពីនមិនទាន់មានកិច្ចសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឡើយនោះទេ ដូច្នេះលោកចង់ឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេសនេះ ទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។
លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់ពីដើមរៀងមកដល់ពេលនេះ មានភាពល្អប្រសើរទាំងកិច្ចសហប្រតិបត្តិការលើកផ្នែកនយោបាយ សេដ្ឋកិច្ច និងទេសចរណ៍។ កិច្ចសហប្រតិបត្តិការនេះ បានធ្វើឲ្យអ្នកវិនិយោគហ្វីលីពីនមកវិនិយោគនៅកម្ពុជាកាន់តែច្រើបន្ថែមទៀត ខណៈមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតហ្វីលីពីនរូបនេះ បានឯកភាពនូវការលើកឡើងរបស់លោក អ៉ិត សំហេង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងការជួយពលករ ដែលកំពុងបម្រើការងារនៅបណ្តាប្រទេសមួយចំនួន៕