(ព្រះសីហនុ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានអញ្ជើញជាអធិបតីក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលបានប្រារព្ធធ្វើនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដោយមានកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ និងមន្ទីរការងារខេត្តរួមទាំង
វត្តមាន មន្ត្រីរាជការតាមអង្គភាពមួយចំនួន និងកម្មករកម្មការិនី៥០០នាក់។
លោក យន្ត មីន និយាយថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌មានស្ថិរភាព មានសន្តិសុខល្អ។
នេះគឺជាឱកាសមាសសម្រាប់ធ្វើឲ្យមានការអភិវឌ្ឍគ្រប់វិស័យ។
ទន្ទឹមនេះ កម្មករនិយោជិតទាំងអស់ បាននឹងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពនិងសុខមាលភាពរបស់រដ្ឋ និងកម្មករនិយោជិត។
កិច្ចខិតខំនេះវាបានធ្វើអោយប្រសើរឡើងទាំងជីវភាពនិងសុខមាលភាពរបស់ពួកគាត់បច្ចុប្បន្ននេះ។ ចំពោះមុខនេះរដ្ឋាភិបាលកំពុងជំរុញថែមទៀត ដល់ផ្នែកពាក់ពន្ធ័ដើម្បីធ្វើស្ថានភាពកម្មករនិយោជិត កាន់តែមានភាពប្រសើរឡើងរស់នៅដោយភាពសមរម្យសំបូរសប្បាយក្នុងសង្គមជាតិ។
ជាមួយគ្នានេះដែរ លោកបានក្រើនរំលឹកដល់កម្មករនិយោជិត
*ទី១៖ ត្រូវគិតថា រោងចក្រជាឆ្នាំងបាយនិងជាប្រភពចំណូលរបស់ខ្លួន
*ទី២៖ ងាកចេញឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនអាចនាំមកនូវក្តីវិនាសអន្តរាយ
*ទី៣៖ គោរពច្បាប់ចរាចរណ៍ពេលបើកបរ
*ទី៤៖ ចូលរួមថែរក្សាបរិស្ថាន កុំបោះសំរាមពាសវាសពាសកាលនាំអោយប៉ះពាល់ដល់បរិស្ថាន
*ទី៥៖ ចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អ
*ទី៦៖ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន៕