(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក យីវ ណារិន ប្រធានសាខា បានរួមសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញនៅផ្សារព្រៃគ្រី និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន ព្រមទាំងបានដុតកម្ទេច ចោលភ្លាមៗតែម្តង។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារខាងលើ ក្រុមការងារបានពិនិត្យទំនិញ វេចខ្ចប់ស្រាប់និង គ្រឿងកំប៉ុង។ ហើយបានរកឃើញ ទឹកស៊ីអីវខាប់, កាហ្វេ និងនំតៃលាវ សរុបចំនួនជាង១៧គីឡូក្រាម ដែលហួសកាល បរិច្ឆេទប្រើប្រាស់ ដកហូតយកមករក្សាទុកនៅសាខា។
ជាមួយគ្នានោះ ក្រុមការងារបានណែនាំ (ផ្ទាំងPoster) ដល់បងប្អូន អាជីវករឲ្យបានយល់ដឹង ពីផលប៉ះពាល់ដល់សុខភាព និងការដាក់តាំងលក់ទំនិញ ឲ្យបានត្រឹមត្រូវតាមស្តង់ដា និងមានអនាម័យ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយ ឡែកៗ ពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានចុះតាមដាន និងពិនិត្យការលក់រាយនូវប្រេងឥន្ធនៈស្ថានីយ៍ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់៕