(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ចំនួន៦០ម៉ឺនដុល្លារ ដោយលោក ឈាវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី មីញ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប។
ការបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
សូមជម្រាបថា យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងពិធីនា ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជាទទួលបានថវិកាឧបត្ថម្ភ ពីសប្បុរសនានា សរុបចំនួន២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំ២០១៨ បានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេច បានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕