(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតចំនួន ៤៩,០៦០សន្លឹក ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
លោក ហង្ស ពុទ្ធា បានឱ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតសរុបទាំង ៤៩,០៦០សន្លឹក គឺសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាធានី ក្រុមប្រឹក្សាខេត្ត មានចំនួន ២២,២០០សន្លឹក, សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួន ២២,២០០សន្លឹក និងសន្លឹកឆ្នោតគំរូ ចំនួន ៤,៦៦០សន្លឹក។
បន្ថែមពីនេះលោក ហង្ស ពុន្ធា បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ គឺមិនមានសន្លឹកឆ្នោតបម្រុងទេ។ ចំពោះដំណើរការបោះពុម្ពសន្លឹកឆ្នោត លោកក៏បានពន្យល់ថា ការបោះពុម្ពសន្លឹកឆ្នោតនឹងរួចរាល់នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ហើយលោកបានអះអាងថា គ.ជ.ប បានធ្វើឡើងយ៉ាងត្រឹមត្រូវទៅតាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានអ្នកបោះឆ្នោតសរុបចំនួន ១១,៥៧២នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង និងមានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។
សូមបញ្ជាក់ថា សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោត ទាំង២០៣ការិយាល័យ នៅ២៤ម៉ោង មុនថ្ងៃបោះឆ្នោត៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖