(ភ្នំពេញ)៖ វត្តមានបវរកញ្ញា ២រូប គឺកញ្ញា ហង្ស សូរីយ៉ាន់ និងកញ្ញា យ៉ូ ប៉ូលីណា និងអ្នកសិល្បៈជាច្រើន រួមជាមួយសប្បុរសជនផ្សេងទៀតបាននាំយកអំណោយទៅចែកជូនដល់កុមារកំព្រាមានកាយសប្បទាមិនល្អ នៅភូមិត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

កាលពីថ្មីៗនេះ ក្រុមការងារ Miss Global Cambodia បានចូលរួមធ្វើកម្មវិធីមនុស្សធម៌មួយ បានយកអំណោយទៅចែកជូនដល់ អង្គការឧបត្ថមកុមារកំព្រា នៅភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្មេងៗទាំងអស់ សុទ្ធតែមានកាយសប្បទាមិនល្អ កំព្រាឪពុកម្តាយ គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់។ ក្នុងនោះក្រុមការងារ បានចូលរួមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ប្អូនៗកុមារថែមទៀតផង។

បវរកញ្ញាពិភពលោកទាំង២រូប ក៏បានបង្ហាញអារម្មណ៍អាណិតអាសូ និងលើកទឹកចិត្តទៅដល់ប្អូនៗកុមារកំព្រាទាំងអស់ថា ត្រូវចេះតស៊ូអត់ធ្មតខំប្រឹងរៀនសូត្រ និងធ្វើខ្លួនជាទំពាំងស្នងឬស្សី គំរូដល់ប្រទេសជាតិ។ ក្នុងនោះដែលបវរកញ្ញាពិភពលោកទាំង២រូប ក៏បានចូលរួមជួយរៀបចំអាហារសម្រាប់កុមារៗដែលមានកាយសប្បទាមិនល្អ និងពិការភាព ដែលពិបាកក្នុងការបរិភោគអាហារផងដែរ។

ក្នុងការចុះចែកអំណោយនេះដែរ ក្នុងនោះរួមមាន៖ អង្ករ, ទឹកក្រូច, ទឹកស៊ីអៀវ, ទឹកត្រី, មី, ទឹកសុទ្ធ, ម៉ាស៊ីនឆុងកាហ្វេ, និងគ្រឿងបរិភោគជាច្រើនទៀត និងសម្ភារសិក្សាមួយចំនួន រួមទាំងថវិការផងដែរ។

សូមជម្រាបផងដែរថា ក្នុងដំណើរការងារមនុស្សធម៌នេះ គឺមានអ្នកសិល្បៈចូលរួមដូចជា លោក សុះ ម៉ាច,លោក យុត្ថា ឆានី, អ្នកនាង បូរ៉ានិច អ្នកសិល្បៈផ្សេងៗទៀតជាច្រើន និងក្រុមការងារ Miss Globalផងដែរ៕