(ភ្នំពេញ)៖ ដោយក្តីករុណ មេត្តា សណ្តោស អាណិតស្រលាញ់ ចំពោះសមណនិស្សិត-និស្សិត ដែលកំពុងសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហរទ័យ ប្រោសព្រះរាជទាន នូវព្រះរាជអំណោយ ជាកុំព្យូទ័រលើតុ ចំនួន៣៥គ្រឿង និងថវិកាចំនួន១០០០ ដុល្លារអាមេរិក ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងការសិក្សាស្រាវជ្រាវរបស់សមណនិស្សិត-និស្សិតនិងបំរើការងារសម្រាប់ពុទ្ធិកសាកលវិទ្យាល័យទាំងមូល។
សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសាកលវិទ្យាធិការនៃ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានមានព្រះថេរដិកាថា ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ពិតជាផ្តល់នូវអត្ថប្រយោជន៍ សម្រាប់សមណនិស្សិត-និស្សិត ដែលកំពុងសិក្សានៅទីនេះ។ ព្រះករុណាទិគុណនេះ ពិតជាមិនអាចកាត់ថ្លៃបាន ពីព្រះរាជហរទ័យ គិតគូរ អាណិត ស្រលាញ់ ចំពោះសមណនិស្សិត-និស្សិត ក្រីក្រ ដែលទទួលបានអាហាររូបករណ៍ សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ដើម្បីតបស្នង និង មហាករុណាទិគុណ របស់អង្គព្រះមហាក្សត្រនៃយើង សម្តេចព្រះ អភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នៅព្រឹកថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំ ព្រះភិក្ខុ ភិក្ខុនី តាជី យាយជី ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងពុទ្ធបរិស័ទ ប្រមាណជាង ២៥០០ រូប ប្រារពព្រះរាជពិធី ថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៦ព្រះវស្សា យាងចូល៦៧ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា ព្រះរាជពិធី ថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រារពធ្វើឡើង ដោយព្រះសង្ឃថ្វាធ្យាយ ព្រះធម៌ចម្រើនព្រះជន្មវស្សា ថ្វាយភ្លេង និងរបាំថ្វាយព្រះពរ ទៅតាមជំនឿសាសនារបស់ខ្មែរយើង៕