(ភ្នំពេញ)៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង នរោម៉ល (Chip Mong NORO Mall) ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង រីថេល កំពុងលេចរូបរាងឡើងបន្តិចម្តងៗនៅលើមហាវិថីព្រះនរោត្តម ជាមួយនឹងការរចនាឡើងយ៉ាងប្រណិតដែលហ៊ុមព័ទ្ធទៅដោយបរិយាកាសបៃតង។
តាមការឲ្យដឹងពីលោក Michael Vong នាយកគ្រប់គ្រងមណ្ឌលផ្សារទំនើប ជីប ម៉ុង រីថេល ការសាងសង់មណ្ឌលផ្សារទំនើប ជីប ម៉ុង នរោម៉ល នេះ បច្ចុប្បន្នកំពុងត្រូវបានសាងសង់រួចរាល់ប្រមាណ៧៥ភាគរយ ហើយគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី3 ក្នុងឆ្នាំ២០១៩នេះ។
ការសាងសង់មណ្ឌលផ្សារទំនើបនេះ ត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ទាំងលើការរចនាស្ថាបត្យកម្ម គុណភាពក្នុងការសាងសង់ និងការតុបតែងបរិវេណខាងក្នុងនិងខាងក្រៅ ព្រមទាំងប្រព័ន្ធសុវត្ថិភាពទាំងក្នុងនិងក្រៅបរិវេណមណ្ឌលផ្សារទំនើបផងដែរ។
ជីប ម៉ុង នរោម៉ល មានផ្ទៃក្រឡាសរុបទំហំ ១៧,៨០០ ម៉ែត្រការ៉េ និងមានកម្ពស់៦ជាន់រួមទាំងជាន់ក្រោមដី ជាមួយនឹងកន្លែងចតរថយន្តដ៏ធំទូលាយ ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ។
មណ្ឌលផ្សារទំនើប ជីប ម៉ុង នរោម៉ល គឺជាមណ្ឌលផ្សារទំនើបបែបសហគមន៍ ដែលនឹងក្លាយទៅជាទិសដៅពេញនិយមសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងកេងកង១ និងតំបន់ជិតៗនោះ ជាមួយនឹងសេវាកម្មចម្រុះដែលមានចាប់តាំងពីកន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកម្សាន្ត ផ្សារទំនើប ធនាគារ និងរោងភាពយន្តទំនើប Legend Premium Cinema ផងដែរ៕