(កំពង់ធំ)៖ មន្ដ្រីកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធមួយចំនួនទៀត បន្តចុះពិនិត្យរកផលិតផលទំនិញខូចគុណភាព នៅផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការចុះពិនិត្យនេះ ក្នុងគោលបំណងធានា សុវត្ថិភាពម្ហូបអាហារ ពីព្រោះមានសារសំខាន់ចាំបាច់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះរកផលិតផលខូចគុណ នៅផ្សារកំពង់ថ្មនេះ ក្រុមការងារបានរកឃើញទំនិញខូចគុណភាព រួមមាន៖ ភេសជ្ជៈ៧កំប៉ុង និងម៉្សៅទឹកដោះគោ១០កញ្ចប់ផងដែរ។
បន្ថែមពីនេះទៀត ភាគីព័ន្ធក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាងប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារដែលធ្វើឲ្យមាន គ្រោះថ្នាក់ដល់សុខភាព ហើយបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា៕