(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង បានកត់សម្គាល់អំពីភាពរឹងមាំ និងភាពម្ចាស់ការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៅក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តន៍គម្រោងកម្រិតអន្តរជាតិ ដែលជាវត្ថុបំណងចម្បងនៃសសរស្តមទី៣ របស់អភិក្រមគ្របដណ្តប់លើវិស័យវិស័យពាណិជ្ជកម្ម និងជាមោទនភាពរួមសម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី តឹករ៉េត កំរង បានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ របស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋាន រួមជាមួយទីប្រឹក្សា ប្រមាណជាង ២០រូប។
នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានរំលឹកឡើងវិញនូវសាវតារបស់នាយកដ្ឋាន និងភាពជោគជ័យដែលកើតចេញពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ កំឡុងពេលអនុវត្តន៍គម្រោងលក្ខណៈអន្តរជាតិធំៗដូចជា៖ កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីគាំទ្រកិច្ចអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ដែលបាននាំមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់វិស័យពាណិជ្ជកម្មជាតិ ជាពិសេសការធ្វើពិធិធកម្មវិស័យនាំចេញ និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
«សូមថ្លែងអំណរគុណមន្ត្រីទាំងអស់ ដែលបានតស៊ូចូលរួមអនុវត្តន៍គម្រោងនាពេលកន្លងមក! នេះជាមោទនភាពរួមសម្រាប់យើងទាំងអស់គ្នា ឥឡូវនេះក្រសួងទទួលបានគម្រោង និងទឹកប្រាក់កាន់តែច្រើន ដោយសារតែ Donors គេមានទំនុកចិត្តមកលើសមត្ថភាពមន្ត្រីរបស់យើងដែរ»។ លោកស្រី តឹករ៉េត កំរង បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តមន្ត្រីបន្តប្រឹងប្រែងថែមទៀត ដើម្បីអនុវត្តន៍គម្រោងថ្មីៗ និងការងារផ្សេងៗពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដូចជាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ានដោយសហគមន៍អឺរ៉ុប (ARISE Plus) និងបានស្នើនាយកដ្ឋាន ប្រើប្រាស់កិច្ចប្រជុំថ្ងៃនេះ ដើម្បីពិភាក្សាប្រកបដោយភាតរភាព សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗ នៅក្នុងឆ្នាំបន្ទាប់៕