(ភ្នំពេញ)៖ វាជារឿងអកុសលនិងគួរឲ្យហួសចិត្តដែលមនុស្សមួយក្រុមគិតតែប្រឌិតរឿង និងបង្កើតព័ត៌មានមិនពិតដើម្បីផ្សាយបំពុលសង្គម។ បន្ទាប់ពីរឿងរ៉ាវជាច្រើនត្រូវបានប្រឌិត បំភ្លៃ និងផ្សព្វផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ឥឡូវចូលដល់រឿង «នំបញ្ចុក» វិញម្តង។
ខ្ញុំបានតាមដាននិងកត់សំគាល់ឃើញថា ក្រុមដដែលៗនេះឯងដែលបាន និងកំពុងមួលបង្កាច់និងកាឡៃរឿងដែល តុលាការខេត្តបាត់ដំបងកោះហៅអតីតមន្ត្រី និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ២៦នាក់ឲ្យចូលខ្លួនមកបំភ្លឺពីបទសង្ស័យថា បានបំពានសាលដីកាតុលាការកំពូលនោះឲ្យទៅជារឿងស៊ីនំបញ្ចុកទៅវិញ។
ក្រុមមេចលនាមេគំនិតផលិត ព័ត៌មានក្លែងក្លាយដែលភាគច្រើនកំពុងតែសម្ងំលាក់ខ្លួននៅក្រៅប្រទេសដើម្បីគេចពីសំណាញ់ច្បាប់ បាននិងកំពុងបំផុសដើម្បីបំភាន់មហាជនថា អ្នកដែលតុលាការកោះហៅនោះដោយសារតែពួកគេស៊ីនំបញ្ចុក។ ពួកគេបានយកពាក្យស៊ីនំបញ្ចុកនេះទៅចំអកឡកឡឺយឲ្យសមត្ថកិច្ច និងតុលាការថា គ្រាន់តែស៊ីនំបញ្ចុកសោះក៏កោះហៅទៅសួរដែរ។
តាមពិតរឿងរ៉ាវនំបញ្ចុកគឺជាសេណារីយោមួយរបស់ក្រុមប្រឆាំងជ្រុលនិយម។ នៅក្រោយការរំលាយអតីតគណបក្សប្រឆាំងដោយសាលដីកាតុលាការកំពូល និងការហាមប្រាមមន្ត្រី និងសកម្មជនគណបក្សនេះ ១១៨នាក់ មិនឲ្យធ្វើនយោបាយ មានអ្នកនយោបាយដែលជាប់បម្រាមភាគច្រើនបានផ្អាកសកម្មភាព ដោយពួកគេគោរពតាមសាលដីកាតុលាការកំពូល។
ប៉ុន្តែទន្ទឹមនឹងនោះក៏មានក្រុម ញៀននឹងការបំពានច្បាប់មួយក្រុមដឹកនាំដោយមេចលនា ពីក្រៅប្រទេសបានបន្តបំពានច្បាប់តាមទម្លាប់ដែលពួកគេធ្វើជាដរាបមក។ មេចលនាទាំងនោះ បានរៀបចំសេណារីយោផ្សេងៗជាច្រើនឲ្យបណ្តាញរបស់ខ្លួននៅក្នុងស្រុកអនុវត្តតាមដោយសម្ងាត់ដើម្បីធ្វើសកម្មភាពនយោបាយដោយពួកគេរំពឹងថា អាចលាក់បាំងពីភ្នែកអាជ្ញាធរមានសមត្ថកិច្ចបាន។
សេណារីយោទាំងនោះមានដូចជា ការជួបប្រជុំនយោបាយនៅតាមរថយន្តក្រុងដើម្បីបន្លំថា ជាអ្នកធ្វើដំណើរធម្មតា, ជួបជុំតាមភោជនីយដ្ឋានដើម្បីបន្លំថា ជាការជួបជុំអាហារធម្មតា រីឯអ្នកខ្លះទៀតក៏ជួបជុំគ្នាធ្វើសកម្មភាពនយោបាយខុសច្បាប់ ក្រោមរូបភាពជួបគ្នាហូបនំបញ្ចុក។ បើនិយាយឲ្យចំត្រង់តែម្តងគឺពាក្យថា ជួបជុំហូបនំបញ្ចុក គឺគ្រាន់តែជាខែលដែល ពួកគេយកមកបិទបាំងសកម្មភាពនយោបាយខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែសកម្មភាពទាំងអស់នេះមិនអាចគេចផុត ពីក្រសែភ្នែកសមត្ថកិច្ចបានឡើយ។ ហើយនៅពេលដែលសេណារីយោទាំងអម្បាលម៉ាណត្រូវបានវែកមុខ តុលាការក៏បានកោះហៅអ្នកពាក់ព័ន្ធឲ្យទៅបំភ្លឺ។
ហេតុដូច្នេះហើយបានជានៅពេលនេះ ពួកគេក៏ខិតខំបំភ្លៃ កាឡៃសាច់រឿងឲ្យមហាជនយល់ច្រឡំថា គ្រាន់តែហូបនំបញ្ចុកសោះត្រូវបានតុលាការកោះហៅដែរ។ ប៉ុន្តែ ពួកគេដឹងច្បាស់ណាស់ថា នំបញ្ចុកគ្រាន់តែជាឡប់ឡែ។ ដូច្នេះសូមក្រុមជ្រុលនិយមកុំបំភ្លៃសភាពការណ៍ឲ្យសោះ! ការពិតមិនអាចកាឡៃបានទេ។
នៅកម្ពុជាប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ និងជ្រើសរើសការងារ ឬការហូបចុកដោយសេរី។ ចង់អ្នកណាហូបនំបញ្ចុក គុយទាវ មី លតឆា បាយឆា ពងទាកូន រហូតដល់អាហារឆ្ងាញ់ៗគ្រប់បែបយ៉ាងនៅក្នុងហាងគឺជាសេរីភាពពេញទី ដោយគ្មានការរារាំងឡើយ។ ប៉ុន្តែមិនថា អ្នកហូបអ្វីទេឲ្យតែប្រព្រឹត្តរឿងខុសច្បាប់ ឬធ្វើរឿងអ្វីដែលច្បាប់ហាមឃាត់ អ្នកនោះនឹងមានទោសជាក់ជាមិនខាន។ ដូច្នេះខ្ញុំយល់ថាមិនចាំបាច់យកបញ្ហានំបញ្ចុកមកបិទបាំងកំហុសរបស់ខ្លួននោះឡើយ។
ជាការកត់សម្គាល់ ក្រៅពីពូកែបង្កើតរឿងបំពានច្បាប់ឥតឈប់ឈរហើយនោះ ក្រុមប្រឆាំងជ្រុលនិយមទាំងនោះក៏មានជំនាញខាងការបំភាន់ កាឡៃ សាច់រឿងនិងការផលិត ព័ត៌មានក្លែងក្លាយផងដែរ។ នេះគឺជាវិធីសាស្ត្រចុងក្រោយដើម្បីផ្សងព្រេងរកការសង្គ្រោះជីវិត នយោបាយចុងក្រោយរបស់ក្រុមមេដឹកនាំបណ្តាញ ចលនាប្រឆាំងជ្រុលនិយម ដែលកំពុងលាក់ខ្លួន នៅក្រៅស្រុកតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនដែលកំពុងរស់នៅក្នុងស្រុកកុំចាញ់បោកក្រុមបណ្តាញនេះឲ្យសោះប្រយ័ត្ន គេរុញឲ្យប្រព្រឹត្តរឿងខុសច្បាប់ នាំទុក្ខទោសដល់ខ្លួន។
ពួកនេះមិនហ៊ានចូលស្រុកដោយខ្លួនឯងទេដោយសារតែខ្លាចចំណាត់ការតាមផ្លូវច្បាប់ពី ព្រោះពួកគេបាននិងកំពុងបន្តប្រព្រឹត្តអំពើខុសច្បាប់ច្រើនពេកហើយ។ ដូច្នេះ វិធីសាស្ត្ររបស់ពួកគេគឺរុញអ្នកនៅក្នុងស្រុកឲ្យរងទុក្ខទោសជំនួសដើម្បីពួកគេធ្វើអាជីវកម្មនយោបាយ។ នេះហើយជាអ្វីដែលគេហៅថានយោបាយយកឈាមនិងទឹកភ្នែកប្រជាពលរដ្ឋជាឈ្នាន់។ ប៉ុន្តែប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ ដូច្នេះអ្នកប្រព្រឹត្ត ខុសច្បាប់នឹងត្រូវទទួលទោសតាមច្បាប់។ សូមបងប្អូនចងចាំថា ប្រទេសកម្ពុជាកំពុងគ្រប់គ្រង ដោយរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសភាពការណ៍គ្រប់បែប យ៉ាងដោយមិនអនុញ្ញាតឲ្យមានកម្លាំងក្រៅច្បាប់ណាមក ក្រឡុកសភាពការណ៍បានឡើយ។
អាស្រ័យហេតុនេះហើយបានជារាល់គម្រោងផែនការសម្ងាត់នានា ដែលបាននិងកំពុងដាក់ចេញពីក្រៅប្រទេសមិនអាចរំលងពីក្រសែភ្នែករបស់សមត្ថកិច្ចបានឡើយ មិនថាគម្រោងការនោះធ្វើឡើងក្រោមរូបភាពនិងទំរង់អ្វីឡើយ រាប់ទាំង រូបភាពជួបជុំគ្នាហូបនំបញ្ចុកផងដែរ។ អ្នកហូបនំបញ្ចុកគ្មានទោសទេ ហើយអ្នកធ្វើនយោបាយស្របច្បាប់ក៏គ្មានទោសដែរ។ ប៉ុន្តែអ្នកយកនំបញ្ចុកធ្វើខែលបិទបាំងសកម្មភាពខុសច្បាប់ទេតើដែលមានទោសនោះ។
ដូច្នេះសូមអស់លោកកុំកាឡៃ រឿងច្បាប់ឲ្យទៅជារឿងនំបញ្ចុកឲ្យសោះ។ ការកាឡៃ បំភាន់ញុះញង់ដើម្បំបំពុលសង្គមក្នុងចេតនាបង្កឲ្យមានការ ប្រព្រឹត្តបទល្មើសជាអាថ៌ ក៏ជាទោសមួយដែរ៕
ដោយ អ្នកតាមដាននយោបាយតុកាហ្វេ