Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ណែនាំដល់ក្រុមការងាររាល់ការធ្វើវេទិកាសាធារណៈ ត្រូវពន្យល់ប្រជាពលរដ្ឋ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល

09-05-2019 14:56

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធាន, លោក ឈួរ ច័ន្ទ ឌឿន អភិបាលខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ប្រចាំខេត្ត ព្រមទាំងសមាជិក សមាជិកា៨១រូបទៀត មកពីក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានសម្រេចឲ្យរូបលោក បានធ្វើជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិ-សមាជិកា ដែលត្រូវបានប្រកាសនាពេលនេះ។

លោកថា តាមរយៈនៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលនាពេលនេះ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានតាមបណ្ដាស្រុក-ឃុំ នឹងអាចចេញដំណើរឆ្ពោះ ទៅមូលដ្ឋានរបស់ខ្លួន រៀបចំធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីបានដឹងពីការលំបាក និងកង្វល់របស់គាត់ នឹងយកមកពិចារណាធ្វើការ ដោះជូនបានទាន់ពេលវេលា។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានណែនាំដល់ក្រុមការទាំងអស់ រាល់ការធ្វើវេទិកាសាធារណៈ ត្រូវពន្យល់ប្រជាពលរដ្ឋ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកើតចេញពីការបោះឆ្នាត ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌៕