(មណ្ឌលគិរី)៖ ក្នុងឱកាសបើកវគ្គផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី បានថ្លែងថា ខេត្តមណ្ឌលគិរី ជាសក្តានុពលអេកូទេសចរណ៍ភូមិភាគឦសាន។
លោកស្រីរដ្ឋលេខាធិការបានថ្លែងថា មណ្ឌលគិរី គឺជាសក្តានុពលអេកូទេសចរណ៍ភូមិភាគឦសាន ដែលបានរួមចំណែកដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តមានការកើនឡើងជាលំដាប់។
ជាក់ស្តែងកាលពីឆ្នាំ២០១៨ កន្លងទៅខេត្តមណ្ឌលគិរី បានទទួលភ្ញៀវទេសចរសរុបចំនួន ២១៥,៤២០នាក់ កើនឡើង ១៧,៩៣% ក្នុងនោះទេសចរជាតិចំនួន ២០២,១៤៤នាក់ កើនឡើង ១៨,២៨% និងទេសចរអន្តរជាតិ ១៣,២៧៦នាក់ កើនឡើង១២,៩០%។
លទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលលោកបាននឹងកំពុងខិតខំថែរក្សា ពង្រឹងសុខសន្តិភាព និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាលើគ្រប់វិស័យដែលក្នុងនោះរាប់ទាំងវិស័យទេសចរណ៍ផងដែរ។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ មកពីគ្រប់ទិសទីលើពិភពលោក គឺពុំមែនជារឿងចៃដន្យទេ ជាក់ស្តែងពី ២៩ម៉ឺននាក់ នៅឆ្នាំ១៩៩៨ មក ៦,២លាននាក់ នៅឆ្នាំ២០១៨ ទាំងរាជរដ្ឋាភិបាល ទាំងក្រសួងទេសចរណ៍ គឺមានការខិតខំណាស់ ដោយដាក់ចេញនូវគោលនយោបាយផែនការយុទ្ធសាស្ត្រច្បាស់លាស់ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយក្នុងស្មារតី រួមគិត រួមធ្វើ ហើយប្រជាពលរដ្ឋរួមទទួលផលពីក្នុងវិស័យមាសបៃតងមួយនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានធ្វើការសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាបន្ថែមទៀតពង្រឹងភាពស្អាត អនាម័យ និងបៃតងទាំងក្នុងបរិស្ថានធម្មជាតិ និងបរិស្ថានរស់នៅ ធ្វើយ៉ាងណាឱ្យបរិស្ថានស្រុកទេសយើងល្អ ដើម្បីទេសចរណ៍មានកំណើន។
លោកស្រីក៏បានជំរុញឱ្យប្រតិបត្តិករ-សេវាករជាស្រ្តី ចូលរួមដាក់ពាក្យ ឬសុំចុះឈ្មោះចូលរួមក្នុងចលនាប្រឡងប្រណាំងនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០១៩ ឱ្យបានច្រើនគ្រប់គ្នាដើម្បីបង្ហាញថាស្ត្រីក៏អាចធ្វើបានដូចបុរស ស្រ្តីក៏មានសមត្ថភាព និងស្នាដៃក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនិយាយជារួម។ និយាយដោយឡែក គឺចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានការរីកចម្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្លាំងពលកម្មដោយផ្ទាល់ក្នុងវិស័យទេសចរណ៍គឺមានប្រមាណ ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ក្នុងនោះកម្លាំងជាស្ត្រី គឺមានប្រមាណជាង ៦០%។ តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ឱកាសការងារប្រមាណ ១លាននាក់។ គេរំពឹងថានឹងមានស្ត្រីកាន់តែចម្រើន នឹងត្រូវបានរួមចំណែកការងារក្នុងវិស័យដ៏ធំមួយនេះ។
ដោយឡែកនៅថ្ងៃទី០៩ ខែឧសភានេះ លោកស្រី ហ៊ុន ដានី បានដឹកនាំក្រុមការងារ ដែលអមដំណើរដោយលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោកស្នងការរងខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកអភិបាលរងក្រុងសែនមនោរម្យ ចុះធ្វើការសាកសួរសុខទុក្ខ ប្រតិបត្តិករ សេវាករទេសចរណ៍ ក្រុមនារីឯកជន និងនារីឆ្នើម ព្រមទាំងពង្រឹងអនាម័យ សេវាកម្ម និងបដិសណ្ឋារកិច្ច នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ចំនួន០៥កន្លែង រួមមាន៖ ភោជនីយដ្ឋានមណ្ឌលគិរីមាន់បំពង សណ្ឋាគារមណ្ឌលគិរី ខារ៉ាអូខេបុប្ផាឦសាន ភោជនីយដ្ឋានមណ្ឌលគិរី និងផ្ទះសំណាក់មាត់បឹង៕