(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រំសេវដែលកម្លាំងសមត្ថកិច្ចរឹបអូសបានក្នុងទូកុងទីន័រ នៅស្រុកសណ្ដាន់នោះ ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ន នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ក៏បានអះអាងដែរថា រហូតមកដល់ពេលនេះ រំសេវទាំងអស់នោះ សមត្ថកិច្ចកំពុងតែ ដឹកចេញពីក្នុងព្រៃ ទីដែលរឹបអូសបាន មកកាន់កន្លែងរបស់លោកជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់ការបន្ដទៀត។
យ៉ាងណាក៏ដោយ ដើម្បីបញ្ចៀសនូវការភាន់ច្រឡំដល់សាធារណជន អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ករណីរកឃើញគ្រាប់រំសេវយ៉ាងច្រើន នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ មិនមែនជាគម្រោងក្នុងការបង្កើត អំពើភេរវកម្មនោះទេ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា មានក្រុមហ៊ុនរុករករ៉ែស្របច្បាប់មួយ បាននាំចូលមកនូវគ្រាប់រំសេវទាំងនោះ ដើម្បីបំផ្ទុះយករ៉ែរបស់ពួកគេតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា៖ «នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញ គ្រាប់រំសេវជាច្រើន នៅក្នុងភូមិ កំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។ ខ្ញុំសូមបញ្ជាក់ថា ករណីនេះមិនមែនជាភេរវកម្មនោះទេ។ តាមព័ត៌មានបឋមបានឱ្យដឹងថា គ្រាប់រំសែវទាំងនោះ គឺក្រុមហ៊ុនរុករករ៉ែស្របច្បាប់នៅតំបន់នេះ បាននាំចូលមកដើម្បីបំផ្ទុះយករ៉ែរបស់ពួកគេ»។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានចុះប្រតិបត្តិការរឹបអូសរំសេវដែលមានជាតិផ្ទុះ ដាក់ក្នុងទូរកុងទឺន័រមួយនៅកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ករណីប្រទះឃើញរំសេវដ៏ច្រើនបែបនេះ ក៏ត្រូវបានគេយកទៅផ្សព្វផ្សាយនៅបណ្ដាញសង្គម Facebook រហូតនិយាយថា អាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗ នាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ បើសិនគ្រាប់រំសេវទាំងនេះធ្លាក់ទៅដល់ដៃពួកជនល្មើស។
ក្រោយទទួលបានព័ត៌មាននេះ បណ្ដាញព័ត៌មាន Fresh News បានសួរនាំពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។ ជាលទ្ធផល រំសេវដែលមានជាតិផ្ទុះទាំងនេះ មិនមែនជនល្មើសណាម្នាក់ទុក ដើម្បីប្រព្រឹត្តសកម្មភាពអ្វីនោះឡើយ ពោលជារំសេវដើម្បីដាក់បំផ្ទុះយករ៉ែ នៅមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំប៉ុណ្ណោះ។ ប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅរឹបអូសរំសេវទាំងនេះ បានកើតឡើង កាលពីថ្ងៃទី០៨ ខែឧសភាម្សិលមិញ ស្ថិតនៅភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្ដ្រីជាន់ខ្ពស់សាលាខេត្តកំពង់ធំ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រំសេវទាំងនេះ គឺមានយូរមកហើយដែលក្រុមហ៊ុនថៃមួយ មានអាជ្ញាប័ណ្ណត្រឹមត្រូវ បាននាំចូលដើម្បីធ្វើអាជីវកម្មយករ៉ែ ប៉ុន្ដែក្រោយមកក្រុមហ៊ុនថៃ បានជួលអាជីវកម្មទាំងនេះទៅឲ្យក្រុមហ៊ុនចិនធ្វើម្ដង។ ក្រោយពីដំណើរការអាជីវកម្ម ក្រុមហ៊ុនទាំងពីរទំនងមានជម្លោះនឹងគ្នា ទើបខាងក្រុមហ៊ុនថៃបានឲ្យគេទៅថតរំសេវទាំងនេះ យកមកផ្សព្វផ្សាយរហូតចេញជាព័ត៌មាន ចង់ប្រព្រឹត្តអំពើបទល្មើស ក៏ដូចជាអំពើភេរវកម្មយ៉ាងដូច្នេះទៅវិញ៕