(ព្រះសីហនុ)៖ ក្រុមគ្រួសារសពមួយគ្រួសារ រស់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើល នៅគ្រាឃើញវត្តមាន លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានធ្វើដំណើរមកដល់ផ្ទះ ឬរោងពិធីបុណ្យសពគម្រប់ខួប ៧ថ្ងៃ ដែលម្ចាស់ដើមបុណ្យ មិនបានអញ្ចើញ ឬមិនបានដឹងជាមុននោះ។
ការភ្ញាក់ផ្អើល របស់ម្ចាស់ផ្ទះបុណ្យសពខាងលើ គឺកើតមាននៅ មូលដ្ឋានឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
ភ្លាមៗនោះ ក្រុមគ្រួសារសព នៅពេលឃើញវត្តមាន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្វើដំណើរទៅដល់ផ្ទះបុណ្យទាំងមិនបានអញ្ជើញ ក្រុមគ្រសារម្ចាស់ដើមបុណ្យ ឬម្ចាស់ផ្ទះ បានថ្លែងអំណរគុណ ចំពោះវត្តមាន ដ៏សាមញ្ញ របស់ អភិបាលខេត្តព្រះសីហនុ ដែលបានចុះសួរសុខទុក្ខ ដល់គ្រួសារ របស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ។
នាឱកាសនោះដែរ ក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណ ចំពោះវត្តមាន លោក យន្ត មីន និងអ្នកបើកបររថយន្ត របស់លោក ដែលបានឆ្លៀតចំណាយពេលវេលាពីកុច្ចការងារ ដ៏មមាញឹក បើករថយន្តស្វែងរកផ្ទះបុណ្យសព ដើម្បីចូលបច្ច័យបុណ្យ និងចូលរួនរំលែកទុក្ខ ដល់គ្រួសារពួកគាត់ ស្ថិតក្នុងកាយវិការដ៏សាមញ្ញ និងបង្ហាញពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ក៏ដូចជាកង្វល់ របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុទាំងមូល។
ងាកមក លោក អៀង ថា ដែលជាអ្នកបើកបររថយន្តឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯណោះវិញ បានឲ្យភ្នាក់ងារ Fresh News ដឹងថា ចំពោះសកម្មភាព របស់អភិបាកខេត្តព្រះសីហនុខាងលើនេះ គឺមិនមែនជារឿងថ្មីនោះទេ។ លោកបន្តថា សកម្មភាពចៅហ្វាយលោក គឺលោក យន្ត មីន នៅពេលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ឬធ្វើដំណើរតាមមូលដ្ឋាននីមួយៗ ហើយឃើញរោងបុណ្យ ឬបានឮសម្លេងភ្លេងការ និងសំឡេងភ្លេងពិណពាទ្យជាដើម គឺតែងបានឲ្យរូបលោកបើករថយន្ត ឬបង្វែចង្កូតរថយន្ត ដើរស្វែងរកផ្ទះបុណ្យ ឬផ្ទះការ ដើម្បីចូលបច្ច័យបុណ្យ និងចងដៃការ គូស្វាមីភរិយាថ្មីជាដើម ជាញឹកញាប់ ឬមិនលោះពេលទេនាពេលកន្លងមក។ ហើយថា សកម្មភាពដ៏សាមញ្ញ របស់ អភិបាលខេត្តព្រះសីហនុ ដែលជាចៅហ្វាយ របស់លោក គឺមានភាពសាមញ្ញ និងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននីមួយៗ។
អ្នកបើកឡានរូបនេះបញ្ជាក់ថា ជាក់ស្តែង គឺនៅព្រឹកថ្ងៃទី៩ ខែឧសភានេះ នៅពេល រូបលោក បានវិលត្រឡប់ពីចូលរួមជាអធិបតី នៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៩ ខួប ១០០ឆ្នាំ អង្គការអន្តរជាតិខាងកាងារ និងខួប ៥០ឆ្នាំ នៃសមាជិកភាព របស់រាជរដ្ឋាភិបាលកម្ពុជា នៅអង្គការអន្តរជាតិខាងការងារ ដែលរៀបចំឡើង នៅក្នុងបរិវេណក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ហើយនៅពេលលោក បានឮសំឡេងភ្លេងពិណពាទ្យ ក៏បានប្រាប់ឲ្យរូបលោកជាអ្នកបើកឡាន ឲ្យស្វែងរកផ្ទះបុណ្យ តាមសំឡេងមីក្រូ ដើម្បីចូលបច្ច័យបុណ្យ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព..៕