(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ លើការរស់នៅរបស់ជនខ្សោយសតិ ជនពិការ អនាថា និងជនញៀនគ្រឿងញៀននៅកម្ពុជា។ លោកស្រីបានបន្តថា ជាក់ស្តែងតាមការចុះពិនិត្យស្ថានភាព ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) និងនៅមជ្ឃមណ្ឌលបន្សាបគ្រឿងញៀន គឺឃើញថា មានស្ថានភាពល្អប្រសើរជាងមុន។
ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។
លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច និងជានាយកខុទ្ទកាល័យ លោករដ្ឋមន្រ្តី វង សូត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ លោក វង សូត និងលោកស្រី លោកស្រី រ៉ូណា ស្មីត បានផ្តោតសំខាន់លើចំណុចរួមចំនួន២ ទី១៖គឺស្ថានភាព ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) និងមួយទៀត គឺការរស់នៅរបស់បងប្អូនញៀនគ្រឿងញៀន នៅមណ្ឌលបន្សាបគ្រឿងញៀន។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ លើការរស់នៅរបស់ជនខ្សោយសតិ ជនពិការ អនាថា និងជនញៀនគ្រឿងញៀននៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកស្រី រ៉ូណា ស្មីត ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសកម្មភាពល្អបែបនេះថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ឲ្យទទួលបានការរស់នៅកាន់តែប្រសើរជាងនេះ។
ជាការឆ្លើយតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ប្រាប់ លោកស្រី រ៉ូណា ស្មីតថា មកដល់ពេលនេះ មណ្ឌលព្រៃស្ពី បានអភិវឌ្ឃឲ្យដំណើរការ បានយ៉ាងល្អប្រសើរ ដោយមានការបែងចែកអ្នករស់នៅដោយឡែកពីគ្នា ជាពិសេស មានរៀបចំបរិស្ថានល្អ មានកន្លែងបណ្តុះបណ្តាលជាដើម។ លោក វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច ក៏បានធ្វើសមាហរណកម្ម ឲ្យពួកគាត់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ ប្រសើរជាងការរស់នៅក្នុងមណ្ឌល។ ក្រសួងសង្គមកិច្ច និងអាជ្ញាធរ រាជធានីភ្នំពេញ មិនបានដាក់បងប្អូននៅមណ្ឌលព្រៃស្ពី ជាកន្លែងឃុំឃាំងនោះទេ គឺគ្រាន់តែជាការទុកដាក់ជាបណ្តោះអាសន្ន។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ជនខ្សោយសតិ ជនពិការ ជនគ្រឿងញៀន បានបែងចែកពួកគាត់ទៅតាមផ្នែកផ្សេងៗគ្នា បានយ៉ាងត្រឹមត្រូវ ដើម្បីឲ្យពួកគាត់ងាយស្រួល ក្នុងការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងគិតគូ និងថែទាំពួកគាត់ដោយយកចិត្តទុកដាក់បំផុត។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ឆាប់ៗខាងមុខនេះ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គមកិច្ច នឹងរៀបចំឲ្យមានមណ្ឌលវិបល្លាកមួយនៅកំពង់កន្ទាត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មណ្ឌលនេះ នឹងដាក់ឲ្យដំណើរការនៅក្នុងខែមិថុនា ខាងមុននេះ ដើម្បីដាក់ឲ្យបងប្អូនខ្សោយសតិរស់នៅ ហើយទៅថ្ងៃអនាគត មណ្ឌលព្រៃស្ពី គឺគ្រាន់តែជាមណ្ឌលសំចតសម្រាប់បងប្អូនអនាថា គ្មានទីពឹង មករស់នៅបាន ហើយបើក្រសួងសង្គមកិច្ច ត្រួតពិនិត្យឃើញថា ពួកគាត់មានក្រុមគ្រួសារ និងមានបងប្អូន ក្រសួងនឹងបញ្ចូនពួកគាត់ត្រលប់ទៅវិញ។
ចំណែកពាក់ព័ន្ធនឹង ជនញៀនគ្រឿងញៀនវិញ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតមណ្ឌលជាតិគ្រឿងញៀនមួយ នៅខេត្តកំពង់សោម នៅចុងឆ្នាំ២០១៩ កន្លែងបណ្តុះបណ្តាល និងបន្សាបគ្រឿងញៀន ហើយបរិយាកាសល្អ រួមនឹងការគ្រប់គ្រងបានល្អប្រសើរ។
លោកស្រី រ៉ូណា ស្មីត បានបង្ហាញជំហរទទួលស្គាល់នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ការរស់នៅរបស់ជនខ្សោយសតិ ជនពិការ អនាថា និងជនញៀនគ្រឿងញៀននៅកម្ពុជា ហើយក៏ទទួលស្គាល់ថា ពិតជាមានការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ជាមួយគ្នានោះ លោកស្រី ក៏បានសំណូមពរ ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសង្គមកិច្ច បន្តទិសដៅរបស់ខ្លួនបន្ថែមទៀតលើការងារនេះ សម្រាប់អនាគត ធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរ។
រដ្ឋមន្រ្តី វង សូត បានអរគុណដល់ លោកស្រី រ៉ូណា ស្មីត ដែលបានទទួលស្គាល់ការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ក្រសួងសង្គមកិច្ច លើការជួយ និងយកចិត្តទុកដាក់លើ ជនខ្សោយសតិ ជនពិការ អនាថា និងជនញៀនគ្រឿងញៀននៅកម្ពុជា។ ចំពោះការស្នើរបស់ លោកស្រី រ៉ូណា ស្មីត, លោក វង សូត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅការងាររយៈពេល៥ឆ្នាំរួចរាល់ហើយ សម្រាប់អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅធ្វើយ៉ាងណា ឲ្យសកម្មភាពការងារ ទទួលបានជោគជ័យខ្ពស់បំផុត៕