(ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីខួបលើកទី៧៤ មានឈ្មោះថា «ថ្ងៃជ័យជម្នះ Vitory Day» ដែលជាថ្ងៃដ៏សំខាន់មួយរបស់រុស្ស៉ី រំលឹកពីជ័យជម្នះរបស់អតីតសហភាពសូវៀត ទៅលើរបបណាហ្ស៉ីអាឡឺម៉ង់ (Nazi Germany) កាលពីឆ្នាំ១៩៤៥។ ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្ត្រីការទូតរុស្ស៉ី ប្រជាជនរុស្ស៉ី និងភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
កាលពីឆ្នាំ១៩៤១-១៩៤៥ ប្រជាជនរុស្ស៉ីបានងើបឡើងតស៊ូប្រឆាំងនឹងរបបណាហ្ស៉ី រហូតបង្កសង្គ្រាមមួយឈ្មោះថា Great Patriotic War ដែលសង្គ្រាមនេះគឺជាផ្នែកមួយ នៃសង្គ្រាមលោកលើកទី២។ កាលនោះមានប្រជាជនរុស្ស៉ីប្រហែល ២៧លាននាក់ឯណោះ បានហ៊ានលះបង់ជីវិតប្រឆាំងនឹងកងកម្លាំងពួកហ្វាស៉ីស ដែលរុស្ស៉ីចាត់ទុកថា ជាក្រុមមនុស្សក្រៅសង្គម។
ការបូជាជីវិតរបស់ប្រជាជនទាំងនោះ មិនត្រឹមតែបានត្រួសត្រាយផ្លូវឲ្យឈ្នះលើសង្គ្រាមលោកលើកទី ២ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យកើតមានឡើងនូវវិមានសេរីភាពអន្តរជាតិ លើជុំវិញពិភពលោក ហើយក៏បំផុសលើកទឹកចិត្តពួកគេ ឲ្យហ៊ានតស៊ូទាមទារឯករាជ្យពីអំណាចអាណានិគមនានាផងដែរ។
សូមជំរាបថា ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភាម្សិលមិញ ក៏បានរៀបចំពិធីមួយឈ្មោះថា «Plan a Tree For That Man» ដើម្បីរំលឹកគុណបំណាច់ របស់អ្នកដែលបានបូជាជីវិតតស៊ូយកជ័យជម្នះលើរបប «ណាហ្ស៉ីអាឡឺម៉ង់»។
ដើម្បីរំលឹកនូវភក្តីភាពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនដែលបានពលីជីវិតដើម្បីជាតិ សមាគមយុវជនរុស្ស៉ី បានដាក់គោលដៅបង្កើតគំនិតផ្តួចផ្តើមរៀបចំការដើរក្បួនរំលឹកមួយ កាលពីប៉ុន្មានឆ្នាំកន្លងទៅផងដែរ។ ព្រឹត្តិការណ៍រំលឹកនេះ បានក្លាយជាពិធីអន្តរជាតិមួយយ៉ាងធំជុំវិញពិភពលោកមានឈ្មោះថា «ថ្ងៃជ័យជម្នះ Vitory Day»៕