(បាត់ដំបង)៖ អតីតសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ៤រូបទៀតហើយ ក្នុងនោះមានទាំងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីត ចៅសង្កាត់អូរចារ បានមកចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ខណៈ២រូបទៀត នឹងចូលខ្លួនបំភ្លឺនៅពេលរសៀល ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
អតីតសកម្មជន CNRP ដែលត្រូវឡើងឆ្លើយបំភ្លឺនៅតំណាងអយ្យការសម្រាប់ថ្ងៃទី២ រួមមាន៖ ឈ្មោះ ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្ត, ទី២៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីត ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង, ទី៣៖ ឈ្មោះ ម៉ក់ រ៉ា អតីតចៅសង្កាត់ទួលតាឯក, ទី៤៖ ឈ្មោះ ខាន់ ប៊ុនផេង អតីត ចៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង, ទី៥៖ ឈ្មោះ ឃួន ចំរើន អតីត ចៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងទី៦, ឈ្មោះ យួម ដូង អតីតសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ខណៈដែលព្រះរាជអាជ្ញារងលោក គឺ បុណ្ណារ៉ា កំពុងសាកសួរសកម្មជនទាំង៤រូប ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកានោះ ឃើញមានសកម្មជននៃអតីតគណបក្សប្រឆាំងមួយចំនួន បាននាំគ្នាមកឈរនៅមុខសាលាដំបូងខេត្តបាត់ដំបង ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការសាកសួរពីតុលាការផងដែរ។
សូមបញ្ជាក់ថា លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២៦រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជីវ, កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង។
ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស៕