(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការបានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៩ ខួប ១០០ឆ្នាំ នៃអង្គការអន្តរជាតិខាងកាងារ និងខួប ៥០ឆ្នាំ នៃសមាជិកភាព របស់រាជរដ្ឋាភិបាលកម្ពុជា នៅអង្គការអន្តរជាតិខាងការងារ។

ពិធីនេះរៀបចំនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

នាឱកាសនោះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលចូលរួមជាអធិបតី ក្នុងពិធីនោះមានប្រសាសន៍ថា ទិវានេះ ទំនងជាអាចមានបណ្តាប្រទេសជាច្រើនទៀត នៅលើពិភពលោក បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៩ ក្រោមប្រធានបទ " កិច្ចគាំពារសង្គម ដើម្បីផលិតភាព" ដែលទិវានេះ បានប្រារព្ធឡើងស្របពេល ដែលសភាពការ របស់ប្រទេសជាតិកំពុងមានការអភិវឌ្ឍល្អប្រសើរ។

លោក យន្ត មីន បន្តថា ឆ្នាំ២០១៩នេះ ក៏ជាខួប ១០០ឆ្នាំ (១៩១៩ ដល់២០១៩) របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ឆ្នាំ (១៩៦៩ ដល់ ២០១៩) នៃសមាជិកភាព របស់រាជរដ្ឋាភិបាលកម្ពុជា នៅអង្គការអន្តរជាតិខាងការងារ ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារឹក ក្រោមប្រធានបទ "បង្កើនយុត្តិធម៌សង្គម លើកកម្ពស់ការងារសមរម្យ" ដែលនេះបង្ហាញឲ្យឃើញពីឆន្ទៈ ដ៏ខ្ពង់ខ្ពស់ និងមុះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារសង្គមតាមរយៈការងារ។ ហើយថា ឆ្នាំនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់កម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣។

លោក យន្ត មីនអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជម្នះពុះពារគ្រប់ការលំបាក គ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាបាតុកម្ម កុបកម្ម របស់ក្រុមឱកាសនិយម ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាកហរូសេដ្ឋកិច្ច ដែលសម្រេចបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ ៧ភាគរយ និងប្រក្រតីភាព នៃជីវភាព និងបន្តជំរុញឲ្យកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ និងជាពិសេស គឺបានចាត់ទុកការការបង្កើតការងារ និងភាពសុខដុមរមនា របស់បងប្អូនកម្មករនិយោជិត ជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់ៗ ជាច្រើនទៀត របស់ប្រទេសកម្ពុជា ដើម្បីកសាងប្រទេសជាតិ ឲ្យថ្កុំថ្កើងរ៉ុងរឿង និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក្នុងការដាក់ចេញ យុត្តិសាស្ដ្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កំពុងនាំមក នូវវឌ្ឍនភាពកាន់តែប្រសើរជូនជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងពិធីនោះដែរ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ក៏បានឡើងអានសារ លិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្រាស់ ៤ទំព័រ ជូនដល់គណៈអធិបតី និងកម្មករកម្មការិនី សរុបប្រមាណ ៥០០នាក់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។

នៅក្នុងពិធីជួបជុំកាលពីព្រឹកមិញនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ក្រុមកម្មករកម្មការិនីប្រមាណ ៥០០នាក់ ដែលបានចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៩ ក្រោមប្រធានបទ " កិច្ចគាំពារសង្គម ដើម្បីផលិតភាព"
ផងដែរ៕