(ភ្នំពេញ)៖ បូឌាស៉្បា (Bodia Spa) បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួន ជាមួយការជប់លៀង ដែលមានការចូលរួមជាច្រើនពីភ្នាក់ងារទេសចរណ៍ និងតារាបង្ហាញម៉ូតនៅកម្ពុជា។
ពីធីសម្ពោធហាងថ្មីនេះ បានធ្វើឡើងនៅរាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ហាងស្ប៉ាថ្មីរបស់បូឌា មានទីតាំងនៅសង្កាត់បឹងកេងកង១ ដែលជាតំបន់រស់រវើក និងទាន់សម័យ។ ទីនោះស្ថិតនៅចំតំបន់ស្នូលនៃទីក្រុង ដែលអនុញ្ញាតឲ្យភ្ញៀវទទួលបាននូវបទពិសោធន៍ថ្មី សម្រាប់បន្ធូរអារម្មណ៍បែបស្ងប់ស្ងាត់ និងកាត់បន្ថយតានតឹងពីការងារប្រចាំថ្ងៃបាន។
ជាមួយនឹងសំណង់ស្ថាបត្យកម្មបែបធម្មជាតិ ទីនេះផ្តល់នូវជម្រើសនៃការម៉ាស្សាដ៏ល្បីប្រចាំបូឌា។ ក្នុងនោះមានដូចជាការព្យាបាល និងម៉ាស្សាមុន និងដងខ្លួន ដែលទទួលបានការពេញនិយមបំផុត។ បន្ថែមទៅលើនេះទៅទៀត ស្ប៉ាក៏ទើបនឹងមានជាកញ្ចប់ព្យាបាល និងម៉ាស្សាដែលបង្កើតឡើងថ្មីចំនួនពីរ ដែលសុទ្ធសឹងតែចេញពីគ្រឿងផ្សំធម្មជាតិទាំងស្រុង។
នៅក្នុងកម្មវិធីជប់លៀងបើកសម្ពោធ ដែលផ្តោតទៅលើសិល្បៈនៃការចែករំលែកចំណេះដឹងថ្មីៗ ដូចជាការលំហែរអារម្មណ៍នៅពេលរាត្រី ដើម្បីឲ្យអ្នកចូលរួមអាចស្វែងយល់កាន់តែច្បាស់ អ្នកធ្វើចលនាសរសៃរបស់បូឌា ក៏បានអញ្ជើញភ្ញៀវដើរទស្សនាគ្រឿងបរិក្ខាថ្មីៗ ព្រមទាំងស្វាគមន៍យ៉ាងពិសេសតាមបែបបទរបស់បូដាស៉្បា។ អ្នកចូលរួមទាំងអស់ ក៏ថែមទាំងអាចទទួលអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងការពិសារស្រាក្រឡុក រួមជាមួយតែដ៏ឈ្ងុយឆ្ងាញ់ដែលបូឌាស្ប៉ាបានរៀបចំ។
បូឌាស្ប៉ាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយសហគ្រិនបារាំង និងកម្ពុជា និងត្រូវបានរចនាឡើងដោយស្ថាបត្យកម្មដែលល្អឥតខ្ចោះ គួបផ្សំនឹងអាស៉ីបែបទំនើប ហើយមានមោទកភាពដោយប្រើប្រាស់តែគ្រឿងផ្សំស្រស់ៗ បន្ថែមលើម៉ាកសញ្ញាធម្មជាតិ និងមានទំនួលខុសត្រូវខ្ពស់លើផលិតផលថែរក្សាសម្ផស្ស ដែលផលិតដោយដៃនៅប្រទេសកម្ពុជា៕