(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យរបស់អាមេរិកនៅកម្ពុជា (KW-កម្ពុជា) បានចូលរួមបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមជួយសង្គ្រោះកុមារកម្ពុជា។ ថវិកាដែលត្រូវបានបរិច្ចាគនេះ ត្រូវបាននាំមកតាមរយៈលោក ភូ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន KW-កម្ពុជា មានចំនួន២ពាន់ដុល្លារ។ ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

លោក ភូ សម្បត្តិ ឲ្យដឹងថា នេះជាលើកដំបូងរបស់ក្រុមហ៊ុន KW-កម្ពុជា ដែលបានចូលរួមបរិច្ចាគ ទឹកប្រាក់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនេះជាលើកទី១ផងដែរ ដែលក្រុមហ៊ុន KW-កម្ពុជា បានចូលរួមសកម្មភាពសប្បុរសធម៌នៅកម្ពុជា បន្ទាប់ពីមានវត្តមាននៅកម្ពុជាជាង១ឆ្នាំមកនេះ។

លោកបន្ដថា ជារៀងរាល់ឆ្នាំ KW នៅជុំវិញពិភពលោកតែងតែរៀបចំកម្មវិធីមួយឈ្មោះថា «Red Day» ដែលកម្មវិធីនេះសំដៅលើការជួយធ្វើការងារសង្គម។ បច្ចុប្បន្ន KW មានសមាជិក២១ម៉ឺននាក់ និងមានប្រតិបត្តិការ៤១ប្រទេសនៅជុំវិញពិភពលោក។

លោកបន្ថែមថា ក្នុងនាមជាសមាជិក KW ប្រចាំកម្ពុជាក៏បានចូលរួមកម្មវិធី «Red Day» ដោយបាននាំយកថវិកាចំនួន២ពាន់ដុល្លារ បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា។ KW-កម្ពុជា នឹងបន្ដចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជាបន្ដទៀត។

លោកបញ្ជាក់ «ការបរិច្ចាគទឹកប្រាក់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផាជាការរួមចំណែក ក្នុងការជួយកុមារកម្ពុជាដែលផ្ដោតក្ដីសង្ឃឹមមកលើមន្ទីរពេទ្យគន្ធបុប្ផា។ ទោះបីជាថវិកានេះ មានចំនួនតិចតួចក្ដី តែនេះជាទឹកចិត្តរបស់ KW-កម្ពុជា ក្នុងការរួមចំណែកមួយផ្នែកតូចដល់មន្ទីរពេទ្យគន្ធបុប្ផា»៕