(ប៉ារីស)៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុប (EU) ទើបសម្រេចផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ក្នុងទឹកប្រាក់ចំនួន២៩.១លានអឺរ៉ូ ដែលស្មើនឹងជាង៣០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តន៍គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភានេះ។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន២៩.១លានអឺរ៉ូនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជាមួយ លោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ក្នុងទឹកប្រាក់ចំនួន ២៩.១លានអឺរ៉ូ ក្នុងនោះ៖ ឥណទានសម្បទានចំនួន ២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤.១ លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប (EU) សម្រាប់ហិរញ្ញប្បទានលើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រឹក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធិភាព និង និរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា»។
ក្នុងជំនួបពិភាក្សាការងាររវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក Rèmi Rioux នាយកគ្រប់គ្រងទូទៅ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍, អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនភាគីមិត្តអំពីការផ្លាស់ប្តូរមុខមាត់ ថ្មីនៃប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិ ជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា៧.៧% ក្នុងរយៈពេល២ទសវត្សកន្លងមក។
អគ្គបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដែលជានិច្ចជាកាល បានបំពេញតួនាទីយ៉ាងសកម្មក្នុងការចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរយៈកាលកន្លងមក និងបានគូសបញ្ជាក់ថា សមិទ្ធិផលជាផ្លែផ្កានៃការអភិវឌ្ឍបច្ចុប្បន្នដែលកម្ពុជាទទួលបាន គឺមិនអាចកាត់ផ្តាច់ពីតួនាទីយ៉ាងសកម្មការ និងការចូល រួមចំណែករបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន, ការផ្តល់ ឥណទានសម្បទាន ដែលមានភាពអំណោយផល និងអនុគ្រោះខ្ពស់, ជំនួយបច្ចកទេស ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គមកិច្ច, អភិបាលកិច្ច និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀតនៅ កម្ពុជា ជាដើម ។
លោក Rèmi Rioux នាយកគ្រប់គ្រងទូទៅ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានវាយតម្លៃ ខ្ពស់ និងបានគូសបញ្ជាក់ថា ក្នុងរយៈកាលចុងក្រោយនេះ ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់។
លោកបន្ថែមថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះ និងតាមរយៈការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាប័ន្នក្នុងរយៈពេលមធ្យម និងវែង, កម្ពុជានឹងអាចសម្រេចបានតាមគោលដៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។
លោក Rèmi Rioux ក៏បានបញ្ជាក់បន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិការបន្តនៅកម្ពុជា, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួន ឲ្យស្របនឹងបរិការណ៍អភិវឌ្ឍន៍ នៅកម្ពុជានាពេលបច្ចុប្បន្ន៕