(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា យោងតាមផែនការហ្វឹកហ្វឺន ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺការហ្វឹកហ្វឺនដើម្បីកសាង និងពង្រឹងសមត្ថភាពគុណភាពចំណេះដឹង ជំនាញដល់នាយ នាយរង នៃកងរាជអាវុធហត្ថ ក្នុងការដឹកនាំបញ្ជា និងអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថឲ្យមានប្រសិទ្ធិភាពខ្ពស់។
លោកមេបញ្ជាការ បានបន្តទៀតថា គោលបំណង នៃការហ្វឹកហ្វឺននេះ គឺដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមនូវចំណេះដឹងរបស់នាយ នាយរងអាវុធហត្ថ ធ្វើឲ្យសិក្ខាកាមយល់ដឹងអំពីតួនាទីភារកិច្ច លើការបំពេញបេសកកម្មទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជយោធា មានស្មារតីទទួលខុសត្រូវលើវិន័យ សីលធម៌ និងគុណធម៌ មានមនសិកាការងារ និងអត្តចរិកស្លូតត្រង់ និងធ្វើឲ្យសិក្ខាកាមមានសមត្ថភាពជំនាញអាវុធហត្ថ និងតម្រួតយោធា ដែលមានចែងក្នុងអនុក្រឹត្យ លេខ៧៧ អនក្រចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានសំណូមពរដល់គ្រូបង្រៀន ត្រូវធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់ ស្វែងយល់អំពីគោលគំនិត វគ្គបំប៉ននេះឲ្យបានច្បាស់លាស់ ហើយសិក្ខាកាមត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងមានបទពិសោធន៍ ក្រោយបញ្ចប់វគ្គ ដើម្បីទៅបំពេញភារកិច្ចជាក់ស្តែងរបស់ខ្លួនទទួលបាននូវលទ្ធផលល្អ៕