(កំពង់ធំ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានចុះប្រតិបត្តិការរឹបអូសរំសេវដែលមានជាតិផ្ទុះ ដាក់ក្នុងទូរកុងទីន័រមួយនៅកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ដទៀត។
ករណីប្រទះឃើញរំសេវដ៏ច្រើនបែបនេះ ក៏ត្រូវបានគេយកទៅផ្សព្វផ្សាយនៅបណ្ដាញសង្គម Facebook រហូតនិយាយថា អាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗ នាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ បើសិនគ្រាប់រំសេវទាំងនេះ ធ្លាក់ទៅដល់ដៃពួកជនល្មើស។
ក្រោយទទួលបានព័ត៌មាននេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើការសួរនាំពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាលទ្ធផល រំសេវដែលមានជាតិផ្ទុះទាំងនេះ មិនមែនជនល្មើសណាម្នាក់ទុក ដើម្បីប្រព្រឹត្តសកម្មភាពអ្វីនោះឡើយ ពោលជារំសេវដើម្បីដាក់បំផ្ទុះយករ៉ែ នៅមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំប៉ុណ្ណោះ។
ប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅរឹបអូសរំសេវទាំងនេះ បានកើតឡើង កាលពីម្សិលមិញស្ថិតនៅភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្ដ្រីជាន់ខ្ពស់សាលាខេត្តកំពង់ធំ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រំសេវទាំងនេះ គឺមានយូរមកហើយដែលក្រុមហ៊ុនថៃមួយ មានអាជ្ញាប័ណ្ណត្រឹមត្រូវ បាននាំចូលដើម្បី ធ្វើអាជីវកម្មយករ៉ែ ប៉ុន្ដែក្រោយមកក្រុមហ៊ុនថៃ បានជួលអាជីវកម្មទាំងនេះទៅឲ្យក្រុមហ៊ុនចិនធ្វើម្ដង។
ក្រោយពីដំណើរការអាជីវកម្ម ក្រុមហ៊ុនទាំងពីរទំនងមានជម្លោះនឹងគ្នា ទើបខាងក្រុមហ៊ុនថៃ បានឲ្យគេទៅថតរំសេវទាំងនេះ យកមកផ្សព្វផ្សាយរហូតចេញជាព័ត៌មាន ចង់ប្រព្រឹត្តអំពើបទល្មើស ក៏ដូចជាអំពើភេរវកម្មយ៉ាងដូច្នេះទៅវិញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់មកកាន់អង្គភាព Fresh News ដែរថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីប្រទះឃើញ និងរឹបអូសនោះ នៅពេលនេះកម្លាំងជំនាញរបស់លោកកំពុងដឹករំសេវជាតិផ្ទុះទាំងអស់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗ អាជ្ញាធរ និងសមត្ថកិច្ចក៏បានបើកប្រតិបត្តិការចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅមូលដ្ឋានស្រុកសណ្ដាន់ផងដែរ៕