(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសិក្សាលើផ្លូវលំ ៣ខ្សែនៅក្នុងស្រុកបាធាយ តភ្ជាប់មកស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្នុងគោលបំណងកែប្រែពីរផ្លូវគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូវិញ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារតែការសង្កេតឃើញនូវការ លំបាកធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅលើផ្លូវលំជាផ្លូវដី ដែលមានសភាពហុយ នៅរដូវរាំងស្ងួត ក៏ដូចជាការលំបាកធ្វើដំណើរផងដែល ហើយក្នុងរដូវវស្សា លោក គួច ចំរើន បានសម្រេចដឹកនាំ ក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាពស្ថាបនាជាផ្លូវកៅស៊ូ៣ខ្សែ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាការសម្រួលក្នុងការធ្វើដំណើរ និងចង់បញ្ចៀស នូវផ្លូវដីហុយដែលប្រការនេះ អាចនាំឱ្យមានប្រជាពលរដ្ឋ មានជម្ងឺដោយសារតែផលប៉ះពាល់ពីផ្លូវដីហុយនោះផងដែរ។
ផ្លូវលំដែលលោកអភិបាលខេត្ត បានត្រួតពិនិត្យនោះរួមមាន១ខ្សែ ស្ថិតនៅឃុំសណ្តែក ស្រុកបាធាយ តភ្ជាប់ដល់ឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ មានប្រវែង២៣គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៦ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ តភ្ជាប់ទៅឃុំបឹងណាយ ស្រុកព្រៃឈរ មានប្រវែង៨.៥០គីឡូម៉ែត្រ និងមួយខ្សែទៀត តភ្ជាប់ពីឃុំក្រូច ឃុំថ្មពូន ឃុំគរ ក្នុងស្រុកព្រៃឈរ ប្រវែង១៣គីឡូម៉ែត្រ ផងដែរ៕