(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋចំនួន ១០គ្រួសាររស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌល បានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់លោក ខ្លូន សុឃា ជាអធិការនគរបាលស្រុកកោះញែក ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយចោទប្រកាន់អធិការ នគរបាលរូបនេះ បានរំលោភដីចំការររបស់ពួកគាត់។ នេះបើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
យោងតាមពាក្យបណ្តឹង ដែលផ្ញើជូនទៅកាន់ថ្នាក់ដឹកនាំប្រជាពលរដ្ឋ ដែលរស់នៅឃុំដាកដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចោទលោក ខ្លូត សុឃា អធិការស្រុកកោះញែក ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ទៅលក់ឱ្យឈ្មួញបន្ត។
ពាក់ព័ន្ធការចោទប្រកាន់នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីអធិការនគរបាលរូបនេះ នៅឡើយទេ។ ដោយឡែក ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ ឡោ សុខា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកក៏មិនទាន់ទទួលបានព័ត៌មាននេះដែរ។
ប៉ុន្តែលោកថា នឹងកោះហៅអធិការនគរបាលស្រុកកោះញែក មកសួរនាំនៅរសៀលថ្ងៃនេះ ព្រមទាំងអញ្ជើញប្រជាពលរដ្ឋដែលពាក់ព័ន្ធនោះ មកធ្វើការដោះស្រាយតើនរណាមានឯកសារអ្វីខ្លះពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ។
បើតាមប្រជាពលរដ្ឋ នៅពេលអាជ្ញាធរឃុំហៅលោក ខ្លួត សុឃា មកបង្ហាញឯកសារពាក់ព័ន្ធ ដើម្បីឲ្យដឹងថា តើដីណារបស់គាត់ និងដីណារបស់ប្រជាពលរដ្ឋនោះ លោកអធិការ មិនបានយកឯកសារនោះមកទេ បែរជាប្តឹងទៅតុលាការទៅវិញ។
រហូតមកដល់ពេលនេះ លោកអធិការស្រុកកោះញែក ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា បានយកគ្រឿងចក្រទៅឈូសឆាយដីចំការរបស់ពួកគាត់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរនោះទេ៕