(ព្រះសីហនុ)៖ លោក លូ គឹមឈុន អគ្គនាយក នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩៨នេះថា គិតចាប់ពីឆ្នាំ២០១៧ ឆ្នាំ២០១៨ និងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍អន្តរជាតិខ្នាតយក្សចំនួន ៩៧គ្រឿងហើយ ដែលបានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាប្រមាណជិត ១លាននាក់។
លោក លូ គឹមឈុន បានឱ្យដឹងថា នៅឆ្នាំ២០១៧ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣០គ្រឿង ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,៥៣៨នាក់។
លោកបានបន្តថា នៅឆ្នាំ២០១៨ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣៧គ្រឿង កើនឡើង ២៣.៣៣% ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៤០,៥៩៨នាក់ កើនឡើង ៥៨.៩៧%។
លោកបន្ថែមទៀតថា ចំនួននាវាទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុនេះ នៅតែមានការកើនឡើងជាលំដាប់ ដោយនៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន ៣០គ្រឿង កើនឡើង ៥៧.៨៩% បើធៀបនឹងរយៈពេល៤ខែ ដូចគ្នានៅឆ្នាំ២០១៨ មានតែ ១៩គ្រឿង ប៉ុណ្ណោះ។
នាវាទាំង៣០គ្រឿង នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩ ខាងលើនេះ បាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២៩,១១១នាក់ កើនឡើង ៧៨.២៥% បើធៀបនឹង៤ខែដូចគ្នានៅឆ្នាំ២០១៨ មានភ្ញៀវអន្តរជាតិតែជាង ១៦,៣៣២នាក់ប៉ុណ្ណោះ។
នេះបានបញ្ជាក់ឱ្យឃើញថា រយៈពេល២ឆ្នាំ ៤ខែនេះ ចំនួននាវាទេសចរណ៍ខ្នាតយក្ស ដែលចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុមាន ៩៧គ្រឿង ក្នុងនោះមានផ្ទុកភ្ញៀវទេសចរអន្តរជាតិសរុប ៩៥,២៤៧នាក់ ជាមួយនឹងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។
អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ទៀតថា ការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណ ១៥ម៉ោង នឹងត្រលប់ចាកចេញទៅវិញហើយ។
លោក លូ គឹមឈុន បានបញ្ជាក់បន្ថែមថា កំណើននៃការចូលចតរបស់នាវាទេសចរណ៍ខ្នាតយក្ស ជាមួយនឹងវត្តមានភ្ញៀវទេសចរអន្តរជាតិរាប់សែននាក់ទាំងនោះ ក៏ដោយសារប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ ដែលអាចឱ្យពួកគេបង្កើតនូវខ្សែទស្សនកិច្ចទេសចរណ៍ផ្លូវសមុទ្រ និងបានឡើងមកទស្សនាកម្សាន្តឃើញជាក់ស្ដែងនូវអ្វីដែលកំពុងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា៕