(បាត់ដំបង)៖ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មិនទាន់ធ្វើការចោទប្រកាន់ចំពោះ អតីតសកម្មជន CNRP ចំនួន៥នាក់ ដែលចូលបំភ្លឺនៅតំណាងអយ្យការ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកា កាលពី២ឆ្នាំមុននៅឡើយទេ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការខេត្តបាត់ដំបង។
អតីតសកម្មជន CNRP ៥នាក់ ដែលត្រូវឡើងឆ្លើយបំភ្លឺនៅតំណាងអយ្យការនាថ្ងៃនេះ រួមមាន៖
១៖ ឈ្មោះ សម វង្សតារ៉ា អតីតជំទប់ទី២ នៃសង្កាត់អូរម៉ាល់
២៖ ឈ្មោះ តន់ សាម៉ន អតីតចៅសង្កាត់វត្តគរ
៣៖ ឈ្មោះ រឿន កែប អតីត ចៅសង្កាត់ក្តុលដូនទាវ
៤៖ ឈ្មោះ សាំង ប៊ុនម៉ៅ ជំទប់ទី២ សង្កាត់ស្វាយប៉ោ
៥៖ ឈ្មោះ ផាន់ រ៉េត អតីតជំទប់ទី១សង្កាត់ក្តុលដូនទាវ។
ប៉ុន្តែបន្ទាប់ពីសាកសួរ ពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
ខណៈដែលតំណាងអយ្យការ កំពុងសាកសួរសអតីតកម្មជនទាំងនោះ នៅថ្ងៃនេះ មានសកម្មជននៃអតីតគណបក្សប្រឆាំងមួយចំនួន បាននាំគ្នាមកឈរនៅមុខសាលាដំបូងខេត្តបាត់ដំបង ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការសាកសួរពីតុលាការផងដែរ។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា នាថ្មីៗនេះ បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង ជាបន្តបន្ទាប់ នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជាវ, កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង។
ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស៕