(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា (អ.គ.រ) នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពី ការពិនិត្យលទ្ធផលនៃការសាកល្បងមុខងារប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ នៅសណ្ឋាគារសាន់វ៉េ ដើម្បីពិនិត្យពិភាក្សាលើលទ្ធផល នៃការធ្វើតេស្តសាកល្បងមុខងារប្រព័ន្ធ និងពិនិត្យពិភាក្សាទៅលើការត្រៀមដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២នេះ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ រួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងរ៉ែ និងថាមពល ធនាគារជាតិនៃកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងអ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយ និងរដ្ឋាករ សរុបប្រមាណចំនួន ៨០រូប។
សិក្ខាសាលានេះ ក៏មានគោលបំណងដើម្បីឱ្យវិស័យឯកជនយល់ដឹង អំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងស្វែងយល់ពីអត្ថប្រយោជន៍ ដែលនឹងទទួលបានពីការអនុវត្តគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២នេះ ក្នុងការសម្រួលពាណិជ្ជកម្មបន្ថែមទៀត។
ក្រោយពីស្តាប់លទ្ធផលនៃការធ្វើតេស្តសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ អង្គសិក្ខាសាលាបានពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការអភិវឌ្ឍប្រព័ន្ធ ដូចជា បញ្ហាបច្ចេកទេសនានារបស់មុខងារប្រព័ន្ធ ការចេញអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពាក់ព័ន្ធនឹងទំនិញនាំចេញ-នាំចូល និងពិនិត្យលទ្ធភាពជ្រើសរើស ក្រសួង-ស្ថាប័នជំនាញ សម្រាប់ត្រៀមចូលរួមចាប់ផ្តើមអនុវត្តសាកល្បង (Soft Launch) ដែលគ្រោងនឹងចាប់ផ្តើមនាខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
អនុលោមតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្នុងការស្នើជំរុញពន្លឿនការងារអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ដើម្បីកាត់បន្ថយចំណាយ និងពេលវេលាក្នុងការប្រកបធុរកិច្ច តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បានឯកភាពនឹងបន្តជំរុញធ្វើការឱ្យបានសកម្មជាមួយអ្នកជំនាញការ នៃក្រុមហ៊ុនជាប់កិច្ចសន្យា VCC ក្នុងការកែលម្អប្រព័ន្ធតាមតម្រូវការ និងត្រៀមនីតិវិធីផ្ទៃក្នុងតាមស្ថាប័នរៀងខ្លួន ដើម្បីអាចចូលរួមអនុវត្តសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២នេះ បានតាមពេលវេលាដែលបានគ្រោងទុក។
ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា ក៏បានសម្របសម្រួលដឹកនាំ និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ជូនចំពោះវិស័យឯកជន ដែលមានសមាសភាពជាតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមដឹកជញ្ជូន ទំនិញផ្លូវគោកកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ទីភ្នាក់ងារកូរ៉េសម្រាប់ការជំរុញពាណិជ្ជកម្ម និងវិនិយោគ (KOTRA) សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) និងធុរជនពាក់ព័ន្ធសរុបប្រមាណ ២០០រូប៕