(ភ្នំពេញ)៖ កម្ពុជាត្រូវការវិនិយោគិន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ជួយបង្កើតផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធថ្មីៗ ដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ និងដើម្បីពង្រឹងគុណភាពសេវាកម្មឱ្យស្របតាមនិន្នាការនៃការធ្វើដំណើរថ្មីៗ ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ មុនីរ័ត្ន។
លោក ហោ មុនីរ័ត្ន លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ នៅសណ្ឋាគាររ៉ាល់ហ្វលឡឺរ៉ូយ៉ាល់ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
លោក ហោ មុនីរ័ត្ន បានឲ្យដឹងថា ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹង-ពង្រីកជាបន្តបន្ទាប់ ចាប់តាំងពីមានទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៨ មកទល់បច្ចុប្បន្ន និងទៅអនាគតប្រកបដោយការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនេះ បានឈានដល់ការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា និង ចិន។
លោករដ្ឋលេខាធិការបានថ្លែងថា កម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាមាសបៃតង មានការរីកចម្រើនគួរឲ្យកត់សម្គាល់នា ២ទសវត្សរ៍ចុងក្រោយនេះ ដោយក្នុងឆ្នាំ២០១៨ វិស័យទេសចរណ៍បាននាំមកនូវចំណូល ៤,៣៧៥លានដុល្លារ និងរួមចំណែក១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP)។
យោងតាមស្ថិតិទេសចរណ៍កម្ពុជាបានបង្ហាញថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៦.២លាននាក់ កើនឡើង១០.៧% ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ក្នុងនោះទេសចរចិនមានចំនួនជាង២លាននាក់ កើនឡើង៦៧.២% ឈរក្នុងលំដាប់ទី១ ក្នុងចំណោមទីផ្សារអាទិភាពទាំង១០របស់កម្ពុជា។
នៅឆ្នាំ២០២០ កម្ពុជាគ្រោងទទួលបានទេសចរអន្តរជាតិចំនួនជាង៧លាននាក់ ក្នុងនោះទេសចរចិនប្រមាណ៣លាននាក់ នឹងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លាអាមេរិក បង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់លានកន្លែង។
លោកក៏បានបញ្ចាក់ទៀតថា ដើម្បីគាំទ្រ និងផ្គត់ផ្គង់ដល់តម្រូវការកំណើនទេសចរខាងលើ កម្ពុជាបាននិងកំពុងអភិវឌ្ឍខ្លួនជាគោលដៅទេសចរណ៍ស្អាត និងបៃតង។
លោកថា ទន្ទឹមនឹងនេះកម្ពុជាត្រូវការវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផល និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទេសចរណ៍ថ្មីៗ ពង្រឹងគុណភាពសេវាកម្មឱ្យស្របតាមនិន្នាការនៃការធ្វើដំណើរថ្មីៗ ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរពីទីក្រុងនានារបស់ចិនមកកម្ពុជា ខណៈបច្ចុប្បន្ននេះមានជើងហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន ៦៣៦ជើង ក្នុងមួយសប្តាហ៍ ពីទីក្រុងចំនួន៥៨ ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥។
ដូច្នេះ តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ដ៏មានសារៈសំខាន់នេះ នឹងក្លាយជាឱកាសមួយដ៏ប្រសើរ ដើម្បីឲ្យទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ អាចចាប់ផ្ដើមចាប់ដៃគូទំនាក់ទំនងគ្នា។
លោក ហោ មុនីរ័ត្ន បានបង្ហាញការជឿជាក់ថា តាមរយៈការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងកម្ពុជា-ចិន ពិសេសជួយជំរុញកំណើនទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង៕