(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់ហ្វីលីពីន គ្រោងនាំចូលស្វាយកែច្នៃក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួននៅពេលខាងមុននេះ។ នេះបើតាមលោក Chrisopher Baltazar Montero ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋហ្វីលីពីនជិតចប់អាណត្តិ ប្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍លើការវិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា អាចនឹងឈានទៅសម្រេចតាមចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៣០។
ឯកអគ្គរដ្ឋទូតបានសម្តែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី និងសហការីដែលបានផ្តល់ កិច្ចសហការបានយ៉ាងល្អប្រសើរ ជាមួយរដ្ឋាភិបាលហ្វីលីពីនតាមរយ:ស្ថានទូត ក្នុងកិច្ចការសំខាន់ៗជាច្រើន។
ឯកអគ្គរដ្ឋទូតឲ្យដឹងថា ជាមួយនឹងភាពរីកចម្រើនឥតឈប់ឈរនេះ ធ្វើឲ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗសម្រុកចូលមកវិនិយោគ នៅកម្ពុជាឥតឈប់ឈរ។ ជាក់ស្ដែងបច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីន បាននឹងកំពុងដាក់ទុនវិនិយោគកែច្នៃ ផ្លែស្វាយនៅខេត្តព្រៃវែង ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន និងទីផ្សារអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខ។
ឯកអគ្គរដ្ឋទូតឲ្យដឹងទៀតថា លើសពីនេះនឹងមានមានក្រុមហ៊ុនហ្វីលីពីនមកសិក្សាពី សក្តានុពលដំណាំស្រូវនៅកម្ពុជា ក្នុងគោលបំណងវិនិយោគរួចកែច្នៃអង្ករ ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន។ ឯកអគ្គរដ្ឋទូតបញ្ជាក់ថា នឹងជួយជំរុញឲ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំង២ នៅពេលខាងមុខ ដើម្បីពង្រីកកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។
លោក វេង សាខុន បានលើកពីភាពរីកចម្រើនរវាងខ្លួន និងឯកអគ្គរដ្ឋក្នុងអំឡុងបេសកកម្មកន្លងមក លើកិច្ចសហការរវាងប្រទេសទាំង២ លើវិស័យកសិកម្ម។ លោកបានឲ្យដឹងថា កិច្ចសហការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យកាន់តែទូលំទូលាយ ពិសេសស្នើសុំធ្វើការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ របស់មន្រ្តីជំនាញទាក់ទងបច្ចេកវិទ្យាកែច្នៃស្វាយ, បច្ចេកទេសដាំណាំស្រូវ និងកែច្នៃផលិតផលចេក។
លោកបញ្ជាក់ថា ចំពោះផលិតផលអង្ករកម្ពុជា លោកសុំឲ្យរដ្ឋាភិបាលពិចារណាក្នុងការនាំអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារហ្វីលីពីននាពេលអនាគត៕