(កំពត)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានក្រើនរម្លឹកដល់បណ្តាលកងទ័ពទាំងអស់ ក្តាប់ឱ្យជាប់សភាពការណ៍សន្តិសុខ ហើយត្រូវប្រុងប្រយ័ត្នចំពោះឧបាយកលបំបែកបំបាក់ បំផ្លិចបំផ្លាញការឯកភាពរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការប្រើប្រាស់ព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម Facebook។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ បានពង្រឹងជំហរកងទ័ព ដោយត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវគោរព និងអនុវត្តបទបញ្ជាតាមឋានានុក្រម។
ការលើកឡើងរបស់ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ អញ្ជើញជាអធិបតីភាពពិធីបិទសមយុទ្ធហនុមានមាស ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។
នាយឧត្តមសេនីយ៍ បានថ្លែងថា កងទ័ពត្រូវយល់ច្បាស់នូវតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃកិច្ចការពារខឿនឯករាជ្យជាតិរបស់ប្រជាជន ដើម្បីធានាដល់កិច្ចការពារប្រទេស និងផលប្រយោជន៍ជាតិ នោះគឺត្រូវតែសកម្មអនុវត្តការងារ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអង្គភាព ឱ្យបានសម្រេចភារកិច្ច និងទទួលជោគជ័យ។ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ និងអនុវត្តច្បាប់ ជាពិសេសត្រូវតែគោរពវិន័យ បទបញ្ជា លក្ខន្តិកៈទូទៅរបស់យោធិននៃកងយោធពលខេមរភូមិន្ទ ដោយស្មារតីភ្ញាក់រឭក ឱ្យសមជានាយទាហាន ដែលទទួលបានការហ្វឹកហ្វឺន និងទទួលបានការអប់រំ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្តាប់ជាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេស ជាពិសេសសភាពការណ៍ ដែលមានការពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមលក្ខណៈអនុវត្តបទបញ្ហា។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបំបែកបំបាក់ បំផ្លិចបំផ្លាញការឯកភាពរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវគោរព និងអនុវត្តបទបញ្ជាតាមឋានានុក្រម»។
អគ្គមេបញ្ជាការរូបនេះ បានបន្តជំរុញឱ្យអនុវត្តឱ្យបានខ្ជាប់ខ្លួនជាប្រចាំនូវគោលការណ៍ដឹកនាំ ព្រមទាំងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលដែលជាត្រីវិស័យ សម្រាប់កសាងអត្តចរិតខ្លួន និងដឹកនាំកងឯកភាព ស្ថាប័ន រួមមាន៖ អភិក្រម៥ «ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ បាវចនាពីរ «កែទម្រង់ខាងក្នុងបង្កើនមិត្តភាពខាងក្រៅក្នុងស្មារតីឯករាជ្យ» និងបទបញ្ជាដប់ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលថ្លែងនៅក្នុងទិវាគម្រប់ខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យពង្រឹង ពង្រីកចំណងសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អស្តាប់មតិយោបល់ និងទទួលយកបទពិសោធន៍ថ្មីៗពីមជ្ឈដ្ឋានជុំវិញ និងយកចិត្តទុកដាក់ខ្ពស់នូវទស្សនជាសមូហភាពទាំងការរស់នៅ និងធ្វើការងារ ដោយត្រូវចាត់ទុកថាសាមគ្គី គឺជាស្នូលនៃភាពជោគជ័យការអនុវត្តភារកិច្ច។ ម្យ៉ាងវិញទៀត ត្រូវធ្វើទំនាក់ទំនងឱ្យបានល្អជាមួយមហាជន ព្រោះថា កងយោធពលខេមរភូមិន្ទជាកូនចៅប្រជាជន បង្កើតដោយប្រជាជន និងបម្រើប្រជាជន។ រៀបចំទុកដាក់ថែទាំ ជួសជុលមធ្យោបាយ គ្រឿងបំពាក់អាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ និងឧបករណ៍បច្ចេកទេស ដើម្បីបង្កាបាននូវការខ្ជះខ្ជាយ និងបាត់បង់លើកកម្ពស់មនសិកាប្រើប្រាស់ សន្សំសំចៃ និងរក្សាឱ្យបានគត់មត់ទៅតាមលក្ខណៈបច្ចេកទេស។
លោកបន្តថា កងទ័ពត្រូវចូលរួមកសាងអង្គភាពក្រោមការដឹកនាំរបស់មេបញ្ជាការរបស់ខ្លួន ដើម្បីក្លាយជាអង្គភាពរៀបរយ រស់នៅធ្វើការងារស្អាត និងមានអនាម័យល្អព្រមទាំងត្រូវយកចិត្តទុកដាក់ចិញ្ចឹមសត្វ និងបង្កបង្កើនផល ដើម្បីធានាជីវភាពរស់នៅរបស់យោធិនបន្ថែមលើគោលរបបកំណត់។ ចូលរួមចំណែកជួយកិច្ចការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា ដែលគម្រាមកំហែងពីធម្មជាតិ។ ជៀសឱ្យផុតពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន៕