(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះវាជាឃាតកបំផ្លាញអាយុជីវិតមនុស្សមិនរើសមុខ ព្រមទាំងទ្រព្យសម្បត្តិ បងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រី ព្រមទាំងសហការី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២៨គ្រួសារមកពីឃុំសាន់គរ ឃុំត្បែង ឃុំត្រពាំងឫស្សី និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
លោកបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះបងប្អូន ដែលរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្រ្តាក់នេះ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹក រលឹក ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូន ដោយធ្វើយ៉ាងណា មិនត្រូវទុកបងប្អូនប្រជាពលរដ្ឋ ណាម្នាក់ចោលឡើយ។
លោកបានបន្តទៀតថា អំណោយសប្បុរសធម៌ទាំងអស់នេះ បានមកពីការបរិច្ចាគរបស់សប្បុរសជននានា នៅក្នុងពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ បានរៀបចំពិធី អបអរ សាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយប្រមូលថវិកា ពីសប្បុរសជនបានចំនួន២០៥ ៩០០ដុល្លារអាមេរិក៕