(បាត់ដំបង)៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានប្រជុំឆ្លងរបាយការណ៍ប្រចាំខែមេសា២០១៩ និងលើកទិសដៅបន្ត នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង មន្រ្តីជំនាញពាក់ព័ន្ធនានាជុំវិញខេត្តចូលរួមផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួចមក លោក ងួន រតន: បានអនុញ្ញាតឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍ពីសកម្មភាព ការងាររបស់ខ្លួនសម្រេចបានក្នុងខែកន្លងមក ដែលជួបការលំបាក និងធ្វើការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ និងសភាពការណ៍ថ្មីៗទាំងនោះ ដែលត្រូវទប់ស្កាត់និងចាត់វិធានការឲ្យបានសម្រេចជោគជ័យផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីស្តាប់របាយការណ៍និងធ្វើការដោះស្រាយការងារប្រចាំខែមេសាឆ្នាំ២០១៩នេះហើយ យើងបាននិងកំពុងត្រៀមរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ នាចុងខែនេះ ដូច្នេះយើងទាំងអស់គ្នាមានការមមាញឹកគ្រប់ៗគ្នារួមទាំងការងារស្នូលគ្រប់ជំនាញផ្សេងៗគ្នាផង។
លោក ងួន រតនៈ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ខិតខំការពារ សន្តិសុខ សុវត្តិភាព ក្នុងពេលយុទ្ធនាការបោះឆ្នោតចុងខែនេះ ឲ្យទទួលបានជោគជ័យ និងសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយើងផងដែរ៕