(កណ្តាល)៖ ក្រោយឃើញលោក សេង ប៊ុនថេង និងភរិយា បានបង្ហោះឃ្លីបវីដឺអូនៅតាមបណ្តាញព័ត៌មាន Facebook កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដែលបានចោទប្រកាន់ ទៅលើអាជ្ញាធរ និងសមត្ថកិច្ច ចូលឆែកឆេររហូតប្រើហិង្សាធាក់ទំលាយទ្ធារផ្ទះ ប្លន់យករថយន្តមួយគ្រឿងតម្លៃជាង ៥ម៉ឺនដុល្លារនោះ នៅពេលទាំងមន្រ្តីអាជ្ញាធរ និងនគរបាលស្រុកស្អាង បានចេញមកច្រានចោលទាំងស្រុង។
នៅក្នុងឃ្លីបវីដីអូនោះ ឈ្មោះ សេង ប៊ុនថេង និងភរិយា បាននិយាយថា កម្លាំងនគរបាលស្រុកស្អាងដឹកនាំបញ្ជារដោយលោក សេង សុជាតិ ដែលមានលោក ស៊ុប លាងសែ ជាអធិការរង ចុះអនុវត្តដឹកនាំកម្លាំងប្រមាណ ៥នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទៅឡោមព័ទផ្ទះរបស់គាត់ ហើយគំរាមវាយនឹងកាំភ្លើងទារយកសោរថយន្ត។ ពួកគាត់ចោទទៀតថា មិនតែប៉ុណ្ណោះ កម្លាំងបានចូលឆែកឆេរនៅក្នុងបន្ទប់កូនក្រមុំរបស់គាត់ រកកូនសោរថយន្ត ធ្វើឲ្យកូនក្រមុំរបស់គាត់ មានការភិតភ័យជាខ្លាំង រហូតដល់មានជម្ងឺទៀតផង។
ឈ្មោះ សេង ប៊ុនថេង និងភរិយារស់នៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោក ឆេង កេង មេឃុំស្តីទីឃុំខ្ពប បានច្រានចោលដោយលើក ឡើងថាឈ្មោះ សេង ប៊ុនថេង និងភរិយា ជាការមួលបង្កាច់ទាំងស្រុង ព្រោះហេតុការណ៍នោះ លោកក៏បានចូលរួមធ្វើជាសាក្សី ក្នុងពេលដែលភរិយារបស់ឈ្មោះ សេង ប៊ុនថេង បានប្រគល់សោរថយន្តឲ្យទៅសមត្ថកិច្ចដែរ។ លោក ឆេង កេង បានបន្តទៀតថា ការដែលសមត្ថកិច្ច ដកហូតរថយន្តពីឈ្មោះ សេង ប៊ុនថេង និងភរិយា យោងតាមបណ្តឹងរបស់ឈ្មោះ ភាព ភ័ក្រ ដែលបានទិញដីពីឈ្មោះ សេង ប៊ុនថេង ហើយលឺថា ប្រគល់លុយជិតគ្រប់លុះពេល ភាព ភ័ក្រ ចុះបោះបង្គោលកំណត់ដីគ្មានដីឲ្យទើបដាក់ពាក្យបណ្តឹងតែម្តងទៅ។
ចំណែកលោក សេង សុជាតិ និងនគរបាលស្រុករហូតមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពប ក៏សម្តែងការហួសចិត្តនូវពេលដែលឈ្មោះ សេង ប៊ុនថេង និងភរិយា និយាយមួលបង្កាច់បែបនេះ។ លោក សេង សុជាតិ បានឲ្យដឹងថា កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានប្រាប់ឲ្យលោក ស៊ុប លាងសែ ដឹកនាំកម្លាំងចុះទៅរឹបអូសយករថយន្តពីភរិយារបស់ឈ្មោះ សេង ប៊ុនថេង បន្ទាប់ពីឃាត់ខ្លួនឈ្មោះ សេង ប៊ុនថេងរូបនេះ ដោយមានបញ្ជាពីព្រះរាជអាជ្ញាតាមបណ្តឹងរបស់ឈ្មោះ ភាព ភ័ក្រ ដែលប្តឹងចោទប្រកាន់ពីបទក្បត់ទំនុកចិត្ត។
ពាក់ព័ន្ធនឹងបណ្តឹងនេះ លោក ភាព ភ័ក្រ ដែលជាជនរងគ្រោះបានលើកឡើងថា មូលហេតុដែលលោកប្តឹងឈ្មោះ សេង ប៊ុនថេង ដោយសារជនរូបនេះ បានបោកប្រាស់លោកទិញលក់ដីធ្លី។ លោក ភាព ភ័ក្រ បាននិយាយថា ឈ្មោះ សេង ប៊ុនថេង បានធ្វើកិច្ចសន្យាទិញដីទំហំ ១១៥ហិកតា លុះនៅពេលដែលលោកប្រគល់ប្រាក់ ១៩ម៉ឺន ៥០០០ដុល្លារ ជិតគ្រប់ថ្លៃដីហើយ ឈ្មោះ សេង ប៊ុនថេង បែរជាមិនមានដីប្រគល់ឲ្យលោក ដោយចេះតែដើរចង្អុលឲ្យលោកទៅយកដី ដែលមានម្ចាស់ផ្សេងរហូតមានរឿងជាមួយម្ចាស់ដីគេថែមទៀតផង។ ដោយមានរឿងរ៉ាវដូច្នេះហើយ ទើបលោកសម្រេចចិត្តប្តឹងឈ្មោះ សេង ប៊ុនថេង តែម្តង។
លោក ភាព ភ័ក្រ បានលើកឡើងបន្តថា លោក សេង ប៊ុនថេង បោកប្រាស់លោកហើយ ហ៊ានទៅនិយាយមួលបង្កាច់នគរបាលទៀត ដែលនគរបាលចុះអនុវត្តទៅតាមពាក្យលោកប្តឹងចោទប្រកាន់ រៀបដីឲ្យលោកគ្មានដីគ្រប់ចំនួន។
លោកបានបន្ថែមថា ដោយគ្មានដីទើបលោកប្តឹង ក្រោយពីឃាត់ខ្លួន សេង ប៊ុនថេង ប្រពន្ធបានមកអង្វរលោកដោះលែងប្តីគាត់ទៅវិញទៅ ហើយបានរៀបរាប់ថា លុយដែលយកមកនោះប្តីគាត់ យកទៅទិញឡាន ១គ្រឿង និងលួសឡាន ៣ពាន់ដុល្លារ និងទិញដីឡូត៍ ក្នុងភូមិចំនួនផងដែរ សល់ប៉ុន្មានទិញដីឲ្យលោកបានប្រហែលជាង ២០ហិចតាប៉ុណ្ណោះ។ គាត់លក់ឡាន និងដីដែលបានទិញនោះសងវិញ ពេលនោះលោកបានប្រាប់ថា បើចង់លក់ លក់ឲ្យប្រពន្ធខ្ញុំទៅបានថ្លៃបើលក់ឲ្យគេផ្សេងគេឲ្យតែ ៤៥០០០ដុល្លារទេ។
ហើយប្រពន្ធលោក ក៏បានទិញឡាននោះពីភរិយាលោក សេង ប៊ុនថេង តម្លៃ ៥ម៉ឺនដុល្លារ រួចលោកបានឲ្យអាជ្ញាធរភូមិ ឃុំ និងនគរបាលស្រុកចុះទៅយកដោយមានមន្ត្រីនគរបាល និងលោក ស៊ុប លាងសែ ជាអធិការស្តីទីទៅយកព្រោះលោក សេង សុជាតិ ជាប់បំពេញកាត្វកិច្ច។ ប្រពន្ធលោក សេង ប៊ុនថេង បានប្រគល់រថយន្តជូននគរបាលមិន មានដូចការលើកឡើងពីលោក សេង ប៊ុនថេង និងភរិយា ថាធាក់ទម្លាយទ្វារចូលប្លន់ និងគំរាមបាញ់សម្លាប់នោះទេ៕