(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា សមយុទ្ធហនុមានមាសរយៈពេល៥ថ្ងៃ នៅលើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្រុកជុំគិរី ខេត្តកំពត បានបញ្ចប់ទៅដោយរលូន និងជោគជ័យតាមផែនការ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «សមយុទ្ធ «ហនុមានមាស ២០១៩» រយៈពេល៥ថ្ងៃ នៅលើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ខេត្តកំពត បានបញ្ចប់ទៅដោយជោគជ័យ និងរលូនតាមផែនការ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ»។
លោកបានពន្យល់ថា ជោគជ័យនេះកើតឡើងដោយសារកត្តា២យ៉ាង នោះគឺការរៀបចំផែនការប្រយុទ្ធបានល្អ ហើយការអនុវត្តតាមផែនការបានយ៉ាងល្អប្រសើរផងដែរ។
សមយុទ្ធហនុមានមាស២០១៩ បានចាប់ផ្តើមពីថ្ងៃទី០៤ ដល់០៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងបណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។
ពិធីបើកសមយុទ្ធនេះ បានធ្វើឡើងក្រោមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ចំណែកពិធីបិទសមយុទ្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ក្នុង «សមយុទ្ធហនុមានមាស ២០១៩» ៥ថ្ងៃមកនេះ មានកម្លាំងយោធាចូលរួមចំនួន ២៣៣២នាក់ មកពីអង្គភាពផ្សេងៗនៃកងទ័ពជើងគោក។ អាវុធយុទ្ធភណ្ឌដែលប្រើក្នុងសកម្មភាពសមយុទ្ធនោះ រួមមានរថក្រោះ, រថពាសដែក, ឧត្ថម្ភាចក្រ, ត្រូន រួមទាំងកាំភ្លើងត្បាល់120mm ផងដែរ៕
បើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការពារជាតិ, សមយុទ្ធហនុមានមាស ២០១៩ បានប្រើប្រាស់យុទ្ធវិធីវាយបកយកទីតាំងដែលខ្មាំងដណ្តើមបានត្រឡប់មកវិញ ខុសប្លែកអំពីសមយុទ្ធនាគមាស ២០១៩ ដែលកម្លាំងសមយុទ្ធបានវាយរំដោះចំណាត់ខ្មាំងពីជំរុំខ្មាំងជាដើម៕