(ភ្នំពេញ)៖ លោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ រួមដំណើរដោយលោកចៅសង្កាត់ច្រាំងចំរេះទី២ មេភូមិខ២ និងមន្ត្រីពាក់ព័ន្ធនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់អនុសាខាខណ្ឌ មានជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងមួយចំនួន។
នៅក្នុងឱកាស ជួបសំណេះសំណាលនេះ លោក ជា ពិសី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយក្តីនឹករលឹក ព្រមទាំងបានសំដែងនូវការសោកស្តាយ និងអាណិតអាសូរបំផុត ចំពោះការខូចខាតផ្ទះសម្បែងដោយសារជួបគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ។
លោក ជា ពិសី បានជម្រាបជូនបងប្អូនដែលរងគ្រោះដោយសារជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងថា ចំពោះអំណោយដែលក្រុមការងារអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ បាននាំយកមកចែកជូននាពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់ភ្លាមៗរបស់បងប្អូន ព្រមទាំងស្នើរជំរុញឲ្យអាជ្ញាធរសង្កាត់ និងក្រុមការងារពាក់ព័ន្ធជួយតាមដានរាយការណ៍ពីសកម្មភាពរស់នៅរបស់ពួកគាត់ផងដែរ៕