(ភ្នំពេញ)៖ «TADA» ដែលបានបើកដំណើរការ លើកដំបូងនៅសិង្ហបុរី និងមានដើមកំណើត ចេញមកពីប្រទេសសិង្ហបុរី ត្រូវបានបើកដំណើរការជាផ្លូវការនៅកម្ពុជា ដោយមានការចូលរួម ជាកិតិ្តយសពីឯកអគ្គរដ្ឋទូតស្ដីទី សាធារណៈរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះ នាយកប្រតិបត្តិគ្រប់គ្រង ក្រុមហ៊ុន Pi Pay ក្រុមហ៊ុន Alipay ធនាគារ Shinhan និងក្រុមហ៊ុន TVS ក៏មានវត្តមាន នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នេះជាដៃគូយុទ្ធសាស្ត្ររបស់ TADA ។ ក្នុងនោះដែរ ក៏មានតំណាងមកពីសភាពាណិជ្ជកម្ម កម្ពុជា (CCC) និងដៃគូអ្នកបើករបស់ក្រុមហ៊ុន TADA ចូលរួមអបអរជាកិត្តិយស ក្នុងកម្មវិធីដ៏សំខាន់នេះផងដែរ។
លោក ខេ វូ (Kay Woo) ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ TADA និង MVL បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលមានដៃគូ និងអ្នកបើកបរដ៏អស្ចារ្យ ដែលគាំទ្រកម្មវិធីកក់ការធ្វើដំណើរ TADA ។ គោលបំណងរបស់យើង គឺលើកកម្ពស់ជីវភាពរស់នៅ អ្នកបើកបរឲ្យកាន់តែប្រសើរផ្តល់បទពិសោធន៍ ល្អសម្រាប់អ្នកដំណើរ ក៏ដូចជាការផ្តល់នូវកម្មវិធីកក់ការធ្វើដំណើរ ដែលអាចជឿទុកចិត្តបានប្រកបដោយ ភាពច្នៃប្រឌិតថ្មីសម្រាប់អ្នកប្រើប្រាស់»។
លោក ខេ វូ បន្តទៀតថា «យើងសូមលើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ ដើម្បីទាញយកការចុះឈ្មោះ និងក្លាយជាអ្នកបើកបរជាមួយ TADA ដោយអាចរកប្រាក់ចំណូលបាន១០០ភាគរយ រាល់ការដឹកអ្នកដំណើរ។ រាល់ការផ្តល់ជូនពីក្រុមហ៊ុន អ្នកបើកបរអាចទទួលបានទំាងចំណូលល្អប្រសើរ ព្រមទំាងធានាជូនត្រលប់មកវិញ នូវសេវាកម្មដ៏ល្អសម្រាប់អ្នកធ្វើដំណើរ តាមកម្មវិធី TADA»។
លោកបន្ថែមទៀតថា «យោងតាមបទពិសោធន៍ជោគជ័យ ពីអ្នកបើកបរនៅប្រទេសសិង្ហបុរី និងវៀតណាម យើងជឿជាក់ថា នេះជាឱកាសល្អសម្រាប់អ្នកបើកបរនៅកម្ពុជា ក្នុងការចាប់យកអាជីវកម្មជាមួយ TADA។ ពួកយើងមិនមែនជាគូប្រជែងរបស់អាជីវកម្ម ដែលមានស្រាប់នោះទេ តែផ្ទុយទៅវិញ យើងគ្រាន់តែចង់ផ្តល់បន្ថែមនូវជម្រើសបច្ចេកវិទ្យាថ្មីមួយទៀត សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ»។
លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay បានថ្លែងថា «ការសហការជាមួយក្រុមហ៊ុនកក់ការធ្វើដំណើរ TADA គឺជាជំហានថ្មីមួយទៀត ស្របពេលដែលមានការលើកទឹកចិត្ត ប្រជាជនកម្ពុជាឲ្យប្រើប្រាស់ សេវាទូទាត់ការធ្វើដំណើរ ដោយមិនប្រើសាច់ប្រាក់កាន់តែច្រើនឡើងៗ នៅក្នុងសម័យឌីជីថលនេះ»។
សូមបញ្ជាក់ថា TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL Foundation ដោយសន្យាថា នឹងមិនគិតថ្លៃកម្រៃជើងសារពីអ្នកបើកបរ និងផ្តល់នូវប្រូម៉ូសិន ពិសេសៗដ៏គួរឲ្យទាក់ទាញ សម្រាប់អ្នកកក់ការធ្វើដំណើរ។ លក្ខណៈពិសេសថ្មីរបស់កម្មវិធីកក់ការធ្វើដំណើរនេះ គឺមុខងារកំណត់ការធ្វើដំណើរ គិតជាគីឡូម៉ែត (TADA APP Meter) និងការហៅជិះតាមផ្លូវ (Seamless Street-hailing) ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការទូទាត់ ថ្លៃធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយភាពជឿជាក់។
ជាមួយគ្នានេះ ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូនៅថ្ងៃនេះ ក្រុមហ៊ុនTADA នឹងប្រកាសពីកម្មវិធីធ្វើដំណើរ ដោយឥតគិតថ្លៃចំនួន១ថ្ងៃ (Free Rides Day) នៅថ្ងៃទី ១០ខែឧសភា ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១១៖៥៩នាទីយប់ (កំណត់ត្រឹម ១២ ០០០រៀល ចំពោះអ្នកជិះដំបូង ២,០០០នាក់) ដោយប្រើលេខកូដប្រូម៉ូសិនTADANOW។ ក្រុមហ៊ុន TADA ក៏មានថវិកាលើកទឹកចិត្ត សម្រាប់អ្នកបើកបរក្នុងការចាប់ផ្តើម អាជីវកម្មដំបូង ក៏ដូចជាអរគុណដល់អ្នកបើកបររបស់ TADA ដែលបានសាកល្បងអាជីវកម្មនេះកន្លងមក៕