(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងក្នុងកិច្ចប្រជុំជាមួយជំនាញពាក់ព័ន្ធ និងប្រតិបត្តិករខ្សែកាប្លិ៍ជាច្រើនក្រុមហ៊ុន កាលពីថ្ងៃទី

៧ ខែឧសភា ឆ្នាំ២០១៩ ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ត្រូវតែកាត់ទំលាក់ខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗ ចំនួន៨ខ្សែ ដើម្បីធានាសោភ័ណ្ឌភាពក្រុង។

គួរបញ្ជាក់ថា ខ្សែកាប្លិ៍អ៊ិនធឹណែតបច្ចប្បន្ននេះ ត្រូវបានចងព្យួរយ៉ាងរយេងរយោង នៅតាមបង្គោលភ្លើងតាមដងផ្លូវ។ កន្លងមករដ្ឋបាលខេត្តនិងក្រុមហ៊ុន ស៊ីហ្វុក តម្រូវឲ្យកាត់ទំលាក់មកកប់ក្រោមដីវិញដែរតែត្រូវបានខកខានទៅវិញ។

ទោះយ៉ាងណា ថ្ងៃនេះលោក សោ លីម ប្រធានអគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់យ៉ាងមុតមាំថា ខ្សែកាប្លិ៍ណាដែលបំពាក់ដោយគ្មានកិច្ចសន្យាជួលត្រឹមត្រូវ និងខុសលក្ខណៈបច្ចេកទេស នឹងត្រូវកាត់ទំលាក់ចេញទាំងអស់ ដោយមិនឲ្យនៅអនាធិបតេយ្យទៀតឡើយ៕