(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសន្យានៅចំពោះមុខលោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការថា លោកស្រីនឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាជនកម្ពុជាឱ្យបានយល់ជ្រួតជ្រាប ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោលនៅឆ្នាំ២០៣០ឡើយ។

ការសន្យារបស់អ្នកជំនាញរូបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងផែនការ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ នៅថ្ងៃទី០៨ ខែឧសភានេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកស្រី រ៉ូណា ស្មីត បានថ្លែងកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងផែនការ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ហើយលោកស្រី សន្យានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលនយោបាយ សកម្មភាព ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាជនកម្ពុជាទូទៅឱ្យបានយល់ជ្រួតជ្រាប ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោល នៅឆ្នាំ២០៣០»

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត, លោក ឆាយ ថន បានថ្លែងថា ការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទៅក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ កម្ពុជាមានគោលដៅចំនួន១៨ ចំណុចដៅចំនួន៨៨ និងសូចនាករចំនួន១៤៨ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងខែមីនា ឆ្នាំ២០១៩ ជាពិសេសទៅទៀត បានផ្សព្វផ្សាយទៅដល់ថ្នាក់មូលដ្ឋានបន្ថែមទៀត ដោយមានការចូលរួមពីក្រុមប្រឹក្សា ខ័ណ្ឌ ស្រុក ឃុំ សង្កាត់ផងដែរ។

ក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលបាន និងកំពុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ដែលជាឧបករណ៍សម្រាប់អនុវត្តន៍យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងដើម្បីឈានទៅសម្រេចបាន CSDGs និងចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងចម្ងល់របស់លោកស្រី ដែលថា ក្នុងដំណើរការរៀបចំ CSDGs តើមានតំណាងអង្គភាពប្រយុទ្ធប្រឆាំងអំពើរពុករលួយ និងក្រសួងយុត្តិធម៌ចូលរួមទេ? ជាកិច្ចឆ្លើយតប លោក ឆាយ ថន បានប្រាប់លោកស្រីវិញថា រាល់ការរៀបចំឯកសារគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការផ្សព្វផ្សាយ រាជរដ្ឋាភិបាលបានគោរពគោលការណ៍នៃការចូលរួមទូលំទូលាយពីគ្រប់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ (Broad participation and consultation) ទាំងក្នុងរង្វង់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សង្គមស៉ីវិល និង ផ្នែកឯកជន។

បច្ចុប្បន្នឯកសារនេះ (ផ.យ.អ.ជ) ២០១៩-២០២៣ ត្រូវបានពិនិត្យ និងឯកភាពពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចរាល់ នឹងបន្តទៅឧត្តមក្រុមប្រឹក្សាជាតិពិគ្រោះនិងផ្តល់យោបល់ មុនឈានដល់ការពិនិត្យនិងអនុម័តពីគណៈរដ្ឋមន្ត្រី ពីរដ្ឋសភា និងឡាយព្រះហស្ថដោយព្រះមហាក្សត្រ ដែលលោក ឆាយ ថន មានជំនឿចិត្តយ៉ាងខ្ពស់ថា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងឆមាសទី១ ឬដើមត្រីមាសទី៣ ក្នុងឆ្នាំ២០១៩នេះ។

ចំពោះរបាយការណ៍វាយតម្លៃថ្នាក់ជាតិដោយស្ម័គ្រចិត្ត (Voluntary National Review 2019 VNR 2019) សម្រាប់វេទិកានយោបាយកម្រិតខ្ពស់ (High Level Political Forum-HLPF) នៅទីក្រុងញ៉ូវយ៉ក ក្នុងខែកក្កដា ឆ្នាំ២០១៩ លោក ឆាយ ថន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនៃការរៀបចំរបាយការណ៍នេះមានភាពរលូន និងឈានទៅបញ្ចប់ក្នុងពេលឆាប់នេះ និងអាចផ្ញើជូន អ.ស.ប ក្នុងពាក់កណ្តាល ខែឧសភា និងចុងក្រោយនាខែមិថុនា ឆ្នាំ២០១៩។ ការរៀបចំរបាយការណ៍នេះ មានការគាំទ្រពី UNDPថ្នាក់តំបន់ និង គ្រួសារ អ.ស.ប ប្រចាំកម្ពុជា ជាពិសេសមានការចូលរួមនិងពិភាក្សាគ្នាទូលំទូលាយ ដូចដំណើរការនៃការធ្វើមូលដ្ឋានីយកម្ម CSDGs ដែរ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងត្រៀមរៀបចំបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីទៅចូលរួមក្នុងវេទិកានេះផងដែរ។

ទាក់ទងទៅនឹងទិន្នន័យសម្រាប់សូចនាករ គឺវិទ្យាស្ថានជាតិបាន និងកំពុងធ្វើការងារនេះ ដើម្បីធានាបាននូវទិន្នន័យចាំបាច់ និងមានគុណភាពសម្រាប់វាស់វែងសូចនាករ។ កម្ពុជាមានទិន្នន័យជាច្រើន ដែលអាចបំបែកបានតាមអាយុ ភេទ ការអប់រំ ការងារ ទីកន្លែងរស់នៅ ភាសា ជាដើម សម្រាប់ការតាមដាន និងត្រួតពិនិត្យ ការអនុវត្តរបស់រាជរដ្ឋាភិបាល ដូចជា៖ ជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម អង្កេតសង្គមកិច្ចសេដ្ឋកិច្ច អង្កេតប្រជាសាស្ត្រ និងសុខភាព អង្កេតអំពីកម្លាំងពលកម្ម អង្កេតពលកម្មកុមារអង្កេតអំពីអំពើហិង្សា ជាដើម។ ប្រភពនៃទិន្នន័យមួយប្រភេទទៀត គឺបានពីក្រសួងសាមីអនុវត្តន៍ផ្ទាល់។

គ្រួសារក្រីក្រទាំងអស់ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនងាយរងគ្រោះ ជនពិការ ជនផ្ទុកមេរោគអេដស៍ជាដើម កំពុងទទួលបានការគាំទ្រពីកម្មវិធីគាំពារ សង្គមរបស់រាជរដ្ឋាភិបាល ដែលការកំណត់អត្តសញ្ញាណបុគ្គល និងគ្រួសារជាផ្លូវការ ត្រូវបានធ្វើឡើងដោយក្រសួងផែនការ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសនោះ គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ សម្រាប់កំណត់គោលដៅគ្រួសារក្រីក្រដែលមិនបានរាប់ក្នុងយន្តការ ២ផ្សេងទៀត ឬគោលដៅបន្ថែមដែលចាំបាច់ក្នុងការអនុវត្តកម្មវិធីគាំពារសង្គម មានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនងាយរងគ្រោះ ជនពិការ ជនផ្ទុកមេរោគអេដស៍ជាដើម។ សម្រាប់ជំរឿនប្រជាជនទូទៅនៅកម្ពុជា លោក ឆាយ ថន បានបញ្ជាក់ជូនលោកស្រី ស្មីតថា លទ្ធផលបឋមនឹងប្រកាសនាខែកក្កដា ឆ្នាំ២០១៩នេះ ឯលទ្ធផលផ្លូវការ បើគ្មានអ្វីប្រែប្រួល នឹងប្រកាសនាខែមេសា ឆ្នាំ២០២០ខាងមុខនេះ។

លោកស្រី រ៉ូណា ស្មីត ក៏បានថ្លែងកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងផែនការ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ហើយលោកស្រីសន្យានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលនយោបាយ សកម្មភាព ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាជនកម្ពុជាទូទៅឱ្យបានយល់ជ្រួតជ្រាប ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោល នៅឆ្នាំ២០៣០។

លោក ឆាយ ថន ក៏បានថ្លែងនូវការសប្បាយរីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរបេសកកម្មដ៏ថ្លៃថ្លាបំផុតរបស់លោកស្រី មកកាន់ប្រទេសកម្ពុជា ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុងភាពជាដៃគូអភិវឌ្ឍន៍ដោយមិនអាចខ្វះបានជាមួយគ្រួសារ អ.ស.ប ជាពិសេស UNDP ដែលបានចូលរួមចំណែក ក្នុងការសម្រេចបានគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា រហូតដល់អង្គការសហប្រជាជាតិជ្រើសរើសកម្ពុជា ជាប្រទេសគំរូក្នុងចំណោមប្រទេសចំនួន៦ ក្នុងពិភពលោក៕