Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ចំនួន ៥ម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពមនុស្សធម៌

08-05-2019 17:10

(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភី អិល ស៊ី (BANK FOR INVESTMENT AND DEVELOPMENT OF CAMBODIA PLC) ហៅកាត់ថា BIDC បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរួមចំណែកឧបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា។

ដោយសម្លឹងឃើញថា កន្លងមកកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយគំាទ្រយ៉ាងខ្លាំងក្លា ផ្តល់ទាំងជំនួយស្មារតី ព្រមទាំងហរិញ្ញវត្ថុ ដល់ទុរគតជនទាំងឡាយ និង រួមចំណែកនូវកម្មវិធីមនុស្សធម៌ផេ្សងៗទៀត ក្នុងសង្គម។

ទង្វើទាំងអស់នេះហើយ គិតពីឆ្នាំ២០១៩មក ធនាគារ BIDC តែងតែចូលរួមថវិកាមួយចំនួនតូច ដល់កាកបាទក្រហមជានិច្ច។ ក្រៅពីនេះ មួយរយៈកន្លងមកធនាគារនេះ ក៏បានខិតខំចុះចែក អំណោយសង្រ្គោះ ដល់ជនរងគ្រោះ និងជនទុរគតដល់មូលដ្ឋានរងគ្រោះផ្ទាល់ផងដែរ តួយ៉ាងគ្រួសារដែលទទួលរងគ្រោះ ពីទឹកជំនន់គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។

ធនាគារ BIDC លូតលាស់មកដល់បច្ចុប្បន្ន ដោយសារតែទទួលបានការយកចិត្តទុកដាក់ គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជ្រោមជ្រែងគាំទ្រពី ធនាគារជាតិនៃកម្ពូជា គិតមកដល់ពេលនេះ BIDC បានបើកដំណើរការ អភិវឌ្ឍន៍អាជីវកម្មនៅទឹកដីកម្ពុជា អស់រយៈពេលជិតគម្រប់១០ឆ្នាំមកហើយ។

ក្នុងនោះ BIDC ទទួលបានលទ្ធផល និងកំណើនអាជីវកម្មគួរកត់សម្គាល់ជាខ្លាំង ជាក់ស្តែង BIDC ទទួលបានទ្រព្យសកម្មសរុប៧២២លានដុល្លារ, ចលនាទុនសរុប២៤៥លានដុល្លារ និងឥណទានសរុប៥៥៨លានដុល្លារ។

អស់រយៈពេលដំណើរការ ជិត១០ឆ្នាំមកនេះ BIDC តែងតែគោរពអនុវត្តន៍ តាមអនុលោមតាមយ៉ាងខ្ជាប់ខ្ជួន នូវរាល់ច្បាប់បទបញ្ញត្តិ វិធានសារាចរណ៍ បទកំណត់នានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ធនាគារជាតិនៃកម្ពុជា ដោយមិនបង្កកំហុសណាមួយកើតឡើងជាយថាហេតុឡើយ។

ទន្ទឹមនឹងនេះ ធនាគារ BIDC តែងតែអនុវត្តន៍តាមគោលការណ៍ស្នូលរបស់ខ្លួន ដែលបានដាក់ចេញតាំងតែពីថ្ងៃដំបូង ដោយផ្សារភ្ជាប់សម្មភាពអាជីវកម្ម ជាមួយការចូលរួមចំណែកលើកកំពស់ អភិវឌ្ឍន៍ សកម្មភាពសប្បុរសធម៌ មនុស្សធម៌ ជួយសង្គ្រោះ និងឧបត្ថម្ភជនទុរគតផងដែរ៕