(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់យុវនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំនៅរាជធានីភ្នំពេញ លើកទី៣ នៅបរិវេណវិទ្យាល័យបាក់ទូក នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

ពានរង្វាន់នេះ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមគាំទ្រ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កីឡាមិនត្រឹមតែនាំមកនូវ សុខភាព សាមគ្គីភាព និងមិត្តភាពប៉ុណ្ណោះទេ តែវាជាមាគ៌ាមួយជួយឲ្យយុវវ័យជៀសឆ្ងាយ អំពីអំពើអបាយមុខ គ្រប់ប្រភេទជាពិសេសគ្រឿងញៀន, ជួយនាំមកនូវអាជីពការងារ, ជួយនាំមកនូវកិត្តិយស និងបានបង្កើតនូវមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាលមួយ។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបន្ថែមថា ការដែលលោកលើកឡើងយ៉ាងដូច្នេះ ក៏ព្រោះតែរូបលោកផ្ទាល់ មានពិសោធន៍តាំងពីរូបលោក នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយពេលនោះលោកបានឧបត្ថម្ភគាំទ្រពេញទំហឹង លើវិស័យបាល់ទាត់ និងបានផ្តួចផ្តើមបង្កើត ក្លឹបបាល់ទាត់មានឈ្មោះ «ក្លឹបអធិរាជភ្នំស្វាយ» ដោយមានទាំង កីឡាករកុមារ អាយុក្រោម១៣ឆ្នាំ និងកីឡាករយុវវ័យទាំងបុរសនិងស្ត្រី រហូតមានកីឡាកររបស់ក្លឹបអធិរាជ ភ្នំស្វាយខ្លះ បានចូលជាកីឡាករជម្រើសជាតិ និងលេងឲ្យក្លឹបល្បីៗទៀតផង។

ជាក់ស្តែងបច្ចុប្បន្ន មានកីឡាករ១០រូបគឺ កីឡាករ រី លាភផេង, ជូ សិនទិ និងគឹម អាន ត្រូវបានជ្រើសរើស ចូលក្នុងសាលាបាល់ទាត់ជាតិ, កីឡាករ សឿត ណាវ៉ា, ឱ ភារុណ កំពុងលេងឲ្យក្លឹបបឹងកេត, កីឡាករ ពៅ ចាន់ថេត, គង់ ភីឡុត កំពុងលេងឲ្យក្លឹប វិសាខា, កីឡាករ សៀង ណាំឈីវ កំពុងលេងឲ្យ ក្លឹបណាហ្គា, កីឡាករ ស្វែង សំណាង កំពុងលេងឲ្យក្លឹប ភ្នំពេញក្រោន និងកីឡាករ ចាន់ ហួង កំពុងលេងឲ្យក្លឹបអង្គរថៃហ្គឺ។

លោក រ័ត្ន ស្រ៊ាង ផ្តោតជាសំខាន់ថា មនោសញ្ចេតនានៃក្រុម គឺមានអត្ថន័យជ្រាលជ្រៅ និងសំខាន់ខ្លាំងណាស់ ជាក់ស្តែងនៅពេលដែលលោក ត្រូវបានថ្នាក់លើជឿទុកចិត្តផ្ទេរភារកិច្ច មកជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកបានផ្សាភ្ជាប់នូវមនោសញ្ចេតនា យ៉ាងស្និតស្នាលមួយជាមួយអតីត មិត្តរួមជំនាន់ លោកគ្រូអ្នកគ្រូ តាំងពីអាឌិត រហូតដល់បច្ចុប្បន្ននៃសាលាបាក់ទូក ដោយចងក្រងជាក្រុម ក្នុងប្រព័ន្ធទំនាក់ទំនងវ៉តស្អាប់ ដែលធ្វើឲ្យចំណងមិត្តភាពរបស់ក្រុមលោកកាន់តែជិតស្និទ្ធ ដឹងពីសុខទុក្ខគ្នា ទៅវិញទៅមក និងបានចែករំលែកធនធានជួយគ្នាយ៉ាងសកម្ម ពេលដែលគ្រូ ឬមិត្តជួបការលំបាក។

ជាមួយបទពិសោធន៍ និងមនោសញ្ចេតនាទាំងនេះហើយទើបនៅឆ្នាំ២០១៦ ពេលដែលលោកបានចូលរួម ជាគណអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ របស់យុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលពេលនោះ មានកីឡាករត្រឹមតែ០៧ក្រុម លោកក៏បានសន្យាជួយឧបត្ថម្ភ លើការរៀបចំការប្រកួតបាល់ទាត់ទាំងស្រុង របស់ប្អូនៗក្នុងពេលបន្តបន្ទាប់ និងបានជំរុញឲ្យប្អូនៗ បង្កើនក្រុមបាល់ទាត់ តំណាងឲ្យបានគ្រប់ក្រុង-ស្រុកទាំង០៩ក្នុងខេត្តបន្ទាយមានជ័យ រហូតដល់ពេលនេះ។

ក្នុងឱកាសបើកការប្រកួតបាល់ទាត់នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់នូវសម្ភារថវិកា ជូនដល់យុវជនកាយារិទ្ធ និងគណកម្មការរៀបចំការប្រកួត មួយចប់កម្មវិធី សរុបជាទឹកប្រាក់ចំនួន ៦,៩៩៣ដុល្លារ។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ធកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បាននាំយកថវិការបស់លោក កែ គឹមយ៉ាន និងលោកស្រី ឧបត្ថម្ភដល់យុវនិស្សិតទាំង៩ ក្រុង-ស្រុក ក្នុង១ក្រុម ទទួលបានថវិកា៤០ម៉ឺនរៀល និងគណៈកម្មការរៀបចំការប្រកួត ទទួលបានថវិកា​៤០ម៉ឺនរៀលផងដែរ៕