(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់នានា ឱ្យមានប្រសិទ្ធិភាព ជាពិសេសល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់ ព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺភាគច្រើនកើតឡើង ដោយសារមានល្បែងស៊ីសងនេះហើយ ពេលដែលចាញ់ល្បែងអស់លុយ មានតែដើរលួចដើរប្លន់ និងប្រព្រឹត្តបទល្មើស។
លោក អ៊ុន ចាន់ដា បានថ្លែងជំរុញបែបនេះ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានណែនាំឱ្យសមត្ថកិច្ច ត្រូវធ្វើការតាមដានស្រាវជ្រាវល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប ដែលន័យនេះ លោកចង់សំដៅដល់ល្បែងកន្ទុយលេខ (ឆ្នោត) ដែលគេលួចកត់ជ្រក ក្រោមស្លាកអាជីវកម្មឆ្នោតខ្មែរ ដែលមានច្បាប់។
លោក អ៊ុន ចាន់ដា ក៏បានធ្វើការណែនាំឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ ពិសេសកម្លាំងស្នងការនគរបាលខេត្ត ត្រូវពង្រឹងការប្រចាំការគ្រប់ម៉ោង ពិសេសថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងអាណត្តិទី៣នៅថ្ងៃខាងមុខនេះ ត្រូវធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ មានភាពស្ងៀមស្ងាត់ ដើម្បីឱ្យបរិយាកាសបោះឆ្នោតដំណើរការល្អ ជាពិសេសត្រូវសហការឱ្យបានជិតស្និត ជាមួយមន្ត្រីរៀបចំការបោះឆ្នោត ដែលឈរជើងនៅតាមមណ្ឌលបោះឆ្នោតទាំងអស់៕