(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣០នាទី នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោជីមី ដែលមានទីតាំងផ្ទះលេខ៥៩Eo ផ្លូវលេខ១៤៨ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ សោម ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ប៉ាល់ វិរះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខ៥៩Eo ផ្លូវ១៤៨ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿងហេតុ៖ កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ បាល់ វិរះ កំពុងតែអង្គុយលក់ដូរ នៅក្នុងហាងលក់ទូរស័ព្ទដៃ យីហោជីម៉ី ពេលនោះជនសង្ស័យ ក៏បានមកសួររកទិញទូរស័ព្ទដៃ ម៉ាកអាយហ្វូន៧ផ្លើស ហើយប្រើល្បិចសុំទូរស័ព្ទដៃ ជនរងគ្រោះមើលគោលបំណងចង់ទិញ និងតថ្លៃ ពេលឃើញជនរងគ្រោះ ភ្លេចខ្លួនស្រាប់តែជនសង្ស័យ បានលួចយកទូរស័ព្ទដៃ គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ក៏បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៣៖១៥នាទី ទើបបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សោម ពិទូ បាននៅចំណុចមុខសណ្ឋាគារ កាសាផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ យកមកធ្វើការសាកសួរតែម្តង។
សម្ភារបាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូន៧ផ្លើសផ្កាឈូក។ ចំពោះមុខកម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងតាមនិតិវិធី៕