(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញលិខិតមួយប្រាប់ដល់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវរៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានអធិកអធមបំផុត។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានថ្លែងក្នុងលិខិតថា ដើម្បីថែរក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាល និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះពុទ្ធបរិស័ទ ដែលមានជំនឿលើព្រះពុទ្ធសាសនា ជាពិសេសពិធីបុណ្យវិសាខបូជា ជារៀងរាល់ឆ្នាំគ្រប់វត្តអារាមនៅទូទាំងប្រទេស ធ្វើពិធីដើម្បីរំលឹកដល់ថ្ងៃមហាមង្គលទាំង៣ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទ្ធរព្រះមាតាផង ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណផង និងទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិពន្ធផង និងទុកជាមហាកុសលដ៏ថ្លៃថ្លាបំផុត។
ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ បុណ្យវិសាខបូជា ត្រូវបានប្រារព្ធធ្វើជាផ្លូវការ នៅបរិវេណមហាបរមសក្យមុនីចេតិយនាភ្នំរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០១៩។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងបន្ថែម។
ដើម្បីធានាខ្លឹមសារ និងរូបភាពថាត់តាំងនៃពិធីបុណ្យដ៏ប្រសើរនេះប្រព្រឹត្តទៅសមស្របតាមគោលបំណង និងសំណូមពរ ផែនការណែនាំដូចខាងលើ ក្រសួងធម្មការ និងសាសនា សូមណែនាំដោយអនុវត្តន៍ចំពោះពិធីបុណ្យវិសាខបូជាដូចខាងក្រោមនេះ៖
១៖ មន្ទីរធម្មការ និងសាសនា និងព្រះមេគណរាជធានី-ខេត្ត ត្រូវរៀបចំចាត់តាំង ពីធីបុណ្យវិសាខបូជាឲ្យបានមហោឡារិកអធិកអធម និងណែនាំគ្រប់អង្គភាពក្រោមឱវាទ សហការជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗបានផុសផុល ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងប្រពៃណីល្អៗរបស់ជាតិ។
២៖ មន្ទីរធម្មការ និងសាសនា និងព្រះមេគណរាជធានី-ខេត្ត ត្រូវរៀបចំឲ្យមានកម្មវិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តណាមួយ ដែលអាចដំណើរការបានដោយនិមន្ត-អញ្ជើញព្រះសង្ឃ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ត្រីរាជការក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទ្ធចូលរួមឲ្យបានច្រើនកុះករ តាមកម្មវិធីកំណត់ជាក់ស្តែង និងអំពាវនាវឲ្យគ្រប់វត្តអារាមយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល ដល់កុលបុត្រដែលចង់បួស និងយុវជនយុវនារី ដែលចង់អប់រំរក្សាសីល៥ សីល៨ ឬសីល១០ រយៈពេលខ្លី ក្នុងថ្ងៃបុណ្យវិសាខបូជា ដោយគ្រាន់តែស្លៀកពាក់ សមរម្យ និងគោរពប្រតិបត្តិសិក្ខាបទកំណត់ជាការប្រសើរ។
៣៖ មន្ទីរធម្មការ និងសាសនា និងព្រះមេគណរាជធានី-ខេត្ត ត្រូវបំផុសដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ បោសសម្អាតទីធ្លាវត្តអារាម តុបតែងលំអរចងបដាពាក្យស្លោក ចងទង់ជាតិ ទង់សាសនា ទង់ជ្វាលា ភ្លើងពណ៌ នៅពីមុខផ្លូវចូលរហូតដល់បរិវេណវត្ត និងទីតាំងគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទ ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជាសក្តិសម ជាទិវាបុណ្យជាតិដ៏ប្រសើរថ្លៃថ្លាបំផុត៕