(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ និងត្រូវចេះថែរក្សាសុខភាព មានអនាម័យល្អ ក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ ដែលអាចជួយការពារខ្យល់ និងមានម្លប់ដ៏ត្រជាក់ផងដែរ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការ គ្រោះមហន្តរាយខេត្ត និងក្រុមការងារបក្សឃុំ ដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសេកយំ និងភូមិបុសតូច ក្នុងឃុំពងទឹក ស្រុករំដួល។

លោក រស់ ផារិទ្ធ បានសំដែងនូវការអាណិតអាសូរ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដែលបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព នឹងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ បណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាក់ផ្ទះគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិ ដែលយើងនឹកស្មានមិនដល់ ។

មួយវិញទៀត ត្រូវចេះប្រើប្រាស់ទឹក ដោយការសន្សំសំចៃហើយដូវវស្សា និងជិតមកដល់ នាពេលខាងមុខ សូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍ សម្រាប់ធ្វើស្រែចម្កាឲ្យបានគ្រប់គ្រាន់ ដើម្បីលើកស្ទួយជីវភាព បានមួយកម្រិត ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ពេលមានភ្លៀង ខ្យល់ត្រូវ បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព ពេលនិងត្រូវមើលថែទាំកូនចៅ កុំឲ្យលេងទឹកប្រុងប្រយ័ត្នអគ្គិភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដី ក៏វាអាចដោះស្រាយជីវភាពគ្រួសារបាន មួយរយៈពេលខ្លីផងដែរ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ ខាងគ្រោះមហន្តរាយឧបត្ថម្ភបានអង្ក៥០គីឡូក្រាម មីមួយកេស និងថវិការបស់ក្រុមការងារបក្ស ចុះជួយឃុំពងទឹក ចំពោះផ្ទះរលំខូចខាតទាំងស្រុង មានមួយគ្រួសារទទួលបានថវិកា៤០ម៉ឺនរៀល និង៤គ្រួសារទៀត ២០ម៉ឺនរៀលផងដែរ៕