(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ទូច វល័ក្ខ អាយុ៣០ឆ្នាំ និងទី២៖ឈ្មោះ វង្ស លីដា អាយុ២៤ឆ្នាំ។
សូមរំលឹកថា កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើ នៅចំណុច មុខផ្ទះលេខ៤៦២DEo (ហាងលក់ផ្លែឈើស្រីមុំ) ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ដែលពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ របស់នារីរងគ្រោះ ឈ្មោះ ងឹម ឆវី អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿង ម៉ាក Today កំពុងធ្វើដំណើរលើផ្លូវតែត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះឃើញ បានស្រែកឆោឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញស្ទាក់ឃាត់ខ្លួន បានពួកគេទាំង០២នាក់តែម្តង។
ក្រោមវិធានការជំនាញ រូបគេទាំង០២នាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេជិះម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ក្រហម ស្លាកលេខកណ្តាល1Q-6105 ចេញពីផ្ទះក្នុងគោលបំណងជិះដើរលេង តែគ្មានគោលដៅច្បាស់លាស់ ទៅជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។
លុះពេលជិះដល់ចំណុចខាងលើ ក៏ឃើញនារីរងគ្រោះ ជិះម៉ូតូនិយាយទូរស័ព្ទ ជាឱកាសល្អពួកគេបានជិះទៅក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីនារីនោះបានសម្រេច តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញស្រែកចោរៗ ហើយពួកគេជិះរត់តាមផ្លូវផ្សារអូឡាំពិក បានប្រហែល៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនតែម្តង ហើយរៀងរាល់ថ្ងៃពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃផងដែរ៕