(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារចំការរគរ (ផ្សារថ្មី) និងជាពិសេសផ្សារសិរីសោភ័ណ ត្រឹមតែរយៈពេល៣ខែតែប៉ុណ្ណោះ ក្នុងការកែប្រែឥរិយាបថមួយចំនួន ពិសេសលើការប្រមូលសំរាម ក្នុងផ្សារសិរីសោភ័ណ ដែលកន្លងមកមានការរិះគន់មកអាជ្ញាធរថា ការប្រមូលសំរាមមិនទៀងទាត់ ជាហេតុបណ្តាលឲ្យមានក្លិនមិនល្អ និងទុកដាកសំរាមមិនត្រឹមត្រូវ ទៅតាមការកំណត់ ហើយបើនៅតែមិនកែប្រែមិនបានទៀត លោកនឹងដកចេញតែម្តង ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
លោក ហ៊ឹល រ៉ាយ៉ា លើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបាន កោះហៅអ្នកម៉ៅភាស៊ីផ្សារខាងលើ ដែលមានម្ចាស់ម៉ោការតែមួយ ដើម្បីប្រជុំវែកញែកដោះស្រាយគ្នា ដែលមានការចូលរួមពីអភិបាលរងក្រុង អ្នកពាក់ព័ន្ធក្រុមហ៊ុនប្រមូលសំរាម ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងបន្តថា អ្នកម៉ៅការភាស៊ី មិនសូវអនុវត្តទៅតាមលិខិតនៃកិច្ចសន្យានោះទេ ដែលថា នឹងធ្វើការថែរក្សាបរិស្ថានផ្សារ សន្តិសុខសណ្តាប់ធ្នាប់ និងព្រមអនុវត្តតាមការណែនាំរបស់រដ្ឋាលក្រុង តែផ្ទុយទៅវិញ ការអនុវត្តហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ពោលគឺការប្រមូលសំរាមមិនទៀងទាត់ មិនសូវយកចិត្តទុកដាក់លើរឿងសំរាមក្នុងផ្សារ ការចោលសំរាមពាសវាលពាសកាល មិនមានការកំណត់ទីតាំងជាក់លាក់ ដែលបណ្តាលឱ្យអាជីវករមានការរិះគន់មកអាជ្ញាធរថា ការប្រមូលសំរាមមានភាពយឺតយ៉ាវ ធ្វើឲ្យមានក្លិនមិនល្អប៉ះពាល់ដល់សុខភាព។
លោកបន្តថា កន្លងមកបណ្តារអាជីវករក្នុងផ្សារសិរីសោភ័ណ បានលើកឡើងថា អ្នកយកភាស៊ីតែងតែដើរយកជាប្រចាំ ប៉ុន្តែសំរាមគឺនៅដ៏ដែល ធ្វើឲ្យគាត់ដែលលក់ដូរក្បែរនោះស្ទើតែដកដង្ហើមមិនរួចដោយវាមានក្លិនស្អុយ។ ជាមួយនឹងការព្រមានជាលើកចុងនោះដែលអាជ្ញាធរក្រុង និងធ្វើការដាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីតាំងមួយចំនួននៅផ្សារចំការគរ (ហៅផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដើម្បីតាមដានមើលសកម្មភាពបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងតែយកសំរាមយកចោលគ្មានសណ្តាប់ធ្នាប់ ដើម្បីធ្វើការផាក់ពិន័យ។
លោក ហ៊ឹល រ៉ាយ៉ា បានបន្តថា រដ្ឋបាលក្រុងនឹងចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅក្បែរផ្សារ មិនអនុញ្ញាតឲ្យចោលសំរាមនៅក្នុងផ្សារនោះទេ បើដឹងថាមានការចោលសំរាម មិនគោរពទៅតាមសេចក្តីជូនដំណឹង នឹងផាក់ពិន័យតាមច្បាប់ដែលមានចែង។ ទន្ទឹមនឹងនោះ អភិបាលក្រុងសិរីសោភ័ណ ក៏បានជុំរួញដល់ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឲ្យបានទៀងទាត់នៅតាមគោលដៅ និងទីតាំងដែលបានកំណត់ ដើម្បីកុំឲ្យមានការកក់ស្ទះសំរាមយូរធ្វើឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពប្រេជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា ការព្រមានទៅលើអ្នកម៉ៅការផ្សារចំការគរ និងផ្សារសិរីសោភ័ណនេះ មិនមែនជាលើកទីមួយនោះទេ ពោលកាលពីកន្លងទៅអាជ្ញាធរក្រុងសិរីសោភ័ណ បានព្រមានទៅលើអ្នកម៉ៅការភាស៊ី ផ្សារចំការគរ មិនឱ្យដើរយកភាស៊ីតាម កញ្ជែង កញ្ជើរ ល្អី នោះទេ តែអ្នកយកភាស៊ី នៅតែផ្កើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដើរយកភាស៊ីលើកញ្ជែង កញ្ជើរ ល្អី បន្តទៀត៕