(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ និងត្រូវចេះថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ ដែលអាចជួយការពារខ្យល់ និងមានម្លប់ដ៏ត្រជាក់ផងដែរ។
លោក រស់ ផារិទ្ធ បានថ្លែងបែបនេះនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងក្រុមការងារបក្សឃុំ ដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ស្ថិតក្នុងភូមិសេកយំ និងភូមិបុសតូច ក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
លោក រស់ ផារិទ្ធ បានថ្លែងសំដែងនូវការសោកស្តាយ ជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ដែលបានខិតខំប្រកបរបរ រកស៊ីចិញ្ចឹមជីវិតមានជីវភាព និងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ខ្យល់កន្ត្រាក់បានបំផ្លាញខូចខាតបែកបាក់ផ្ទះ គួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិ ដែលយើងនឹកស្មានមិនដល់។ មួយវិញទៀត ត្រូវចេះប្រើប្រាស់ទឹកដោយការសន្សំសំចៃ ហើយដូវវស្សានឹងជិតមកដល់នាពេលខាងមុខ សូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍ សម្រាប់ធ្វើស្រែចំការ ឱ្យបានគ្រប់គ្រាន់ ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិត ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ។
លោកអភិបាលរងខេត្តស្វាយរៀង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ពេលមានភ្លៀង ខ្យល់ ត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព និងត្រូវមើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយ ដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដីក៏វាអាចដោះស្រាយជីវភាព គ្រួសារបានមួយរយៈពេលខ្លីផងដែរ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះមាន អង្ករ៥០គីឡូក្រាម មីមួយកេស និងថវិការរបស់ក្រុមការងារបក្សចុះជួយឃុំពងទឹក ចំពោះផ្ទះរលំខូចខាតទាំងស្រុង មានមួយគ្រួសារ ទទួលបានថវិការ៤០ម៉ឺនរៀល និង៤គ្រួសារទៀត ២០ម៉ឺនរៀលផងដែរ៕