(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនងាយរងគ្រោះ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។
សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានធ្វើឡើងនៅក្នុងសង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជា ពិសី បានថ្លែងថា អំណោយដែលមានជាគ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ គឺសម្រាប់ចែកជូន ចំពោះតែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់ សង្កាត់ និងភូមិ បើទោះបីជាមិនមានចំនួនច្រើន។
លោកស្រីបន្ថែមថា អំណោយនេះបានជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមួយគ្រា ដែលជាការចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏ដូចជាទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។
នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងសហការី នៃអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បន្ថែមពីនេះ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនានា ក្នុងការថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើង ដោយយថាហេតុ៕